បច្ច័យសរុបជាង៦លានរៀល ប្រមូលបានមកពីអង្គកឋិនទានសាមគ្គីរបស់សមាជិកក្រុមប្រឹក្សាខេត្ត និង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងប្រជាពលរដ្ឋនៅក្នុងស្រុកអូរាំង
មណ្ឌលគិរីះ បច្ច័យសរុបជាង៦លានរៀល ប្រមូលបានមកពីអង្គកឋិនទានសាមគ្គីរបស់សមាជិកក្រុមប្រឹក្សាខេត្ត និង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងប្រជាពលរដ្ឋ ដើម្បីដង្ហែរទៅកាន់វត្តមង្គលគិរីព្រឹក្សារាម ហៅវត្តអូររាំង ។
ឯកឧត្តម ផ្លង់ សាអុល សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ណយ ស្រូន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកអូររាំង បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តមង្គលគិរីព្រឹក្សារាម ហៅវត្តអូររាំង ដើម្បីរៃបច្ច័យទុកសម្រាប់កសាងសមិទ្ធផលនានា វត្តអូររាំង ស្ថិតនៅ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែកត្តិកឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៨។
លោក ណយ ស្រូន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានឲ្យដឹងថា នៅក្នុងពិធីបុណ្យអង្គកឋិនទានសាមគ្គីនេះ គឺប្រមូលបានបច្ច័យសរុបចំនួន ៦,៦២៦,០០០ រៀល ដើម្បីទុកសម្រាប់កសាងសមិទ្ធផលនានា នៅក្នុងវត្តមង្គលគិរីព្រឹក្សារាម ហៅអូររាំង ក្រៅពីនោះ ក៏បានរៀបចំពិធីបុណ្យ និងប្រគេនគ្រឿង ត្រ័យចីពរ ដល់ព្រះសង្ឃផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ផ្លង់ សាអុល សមាជិកក្រុមប្រឹក្សាខេត្ត និង លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានរូបរួមគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននេះឡើង ក្នុងការរួមចំណែកមួយ ដើម្បីលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បើទោះបីជាបច្ច័យទាំងនេះនៅមានកម្រិតនៅឡើយ ក៏ជាការបង្ហាញ អោយកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនាដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង។
ឯកឧត្តម ក៏បានប្រសិទ្ធិពរជយ័ដល់មន្ត្រីរាជការ ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លា ចូលរួមថវិកា ក្នុងអង្គកឋិនទាន ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅវត្តអូររាំងនេះ ដើម្បីតម្កល់ មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឲ្យវត្ថុសក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាប្រមុខដឹកនាំប្រទេស និងប្រជាជនខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាព និងមានការអភិវឌ្ឍជានិរន្តផងដែរ៕