សាលារាជធានីភ្នំពេញ ហាមមិនអោយហែរក្បួន ដាក់ញាតិ ក្នុងឱកាស អបអរ ទិវាគ្រូបង្រៀនពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ៖ ឆ្លើយតបនឹងសមាគម គ្រូបង្រៀនកម្ពុជា ដែលគ្រោងជួបជុំគ្នា នៅ សួន ច្បារ វត្ត ភ្នំ និងហែរក្បួន ដាក់ញ្ញាត្តិ ជូនក្រសួង អប់រំ យុវជន និង កីឡា និង ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីលើកឡើង ពី ស្ថានភាព គ្រូ បង្រៀន និង គុណភាព គ្រូបង្រៀន នៅ ក្នុង ប្រទេសកម្ពុជាត្រូវបានអ្នកនាំពាក្យសាលា រាជធានីភ្នំពេញ បញ្ជាក់ថា ពុំមានការអនុញ្ញាតិ ឲ្យមានការជួបជុំ និងហែរក្បួននេះឡើយ ។

ក្រោយពីសមាគមគ្រូបង្រៀន កម្ពុជា បានដាក់លិខិតស្នើសុំ ទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំ នៅ សួន ច្បារ វត្ត ភ្នំ ក្នុងឱកាសអបអរទិវា គ្រូបង្រៀនពិភពលោក ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានការហែរក្បួន ដាក់ ញ្ញាត្តិ ជូន ក្រសួង អប់រំ យុវជន និង កីឡា និង ខុទ្ទកាល័យ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងនោះ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៨នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ បានថ្លែងថា សាលារាជធានីភ្នំពេញ មិនបានអនុញ្ញាតិ តាមអ្វីដែលមាននៅក្នុង លិខិតស្នើសុំ របស់សមាគមគ្រូបង្រៀនកម្ពុជានោះទេ ពោលតាមការជាក់ស្តែង ការជួបជុំគ្នា អាចបានតែនៅទីលានប្រជាធិបតេយ្យ ហើយការហែរក្បួនទៀតសោទ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះ ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅក្នុងរាជធានីភ្នំពេញជាដើម ដែលជាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាតិឡើយ ។
លោក ម៉េត មាសភក្តី បានឲ្យដឹងថា “ទាក់ទងនឹងការហែរក្បួន ដាក់ញ្ញាតិនេះ គឺសាលារាជធានី មិនអនុញ្ញតិជូននោះទេ ទាំងការងារជួបជុំ នៅសួនច្បារវត្តភ្នំក៏ដោយ ព្រោះថាទីតាំងសួនច្បារនេះ មិនមែនជាកន្លែងដែលសម្តែងមតិ” ។

អ្នកនាំពាក្យរូបនេះ បន្តថា “ដោយឡែក ការងារហែក្បួន ដើម្បីដាក់ញ្ញាតិនេះ ក៏មិនអនុញ្ញាតិជូនដែរ ព្រោះវាប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កើនការកក់ស្ទះអ្វីផ្សេងៗ ដូច្នេះការហែក្បួន មិនត្រូវអនុញ្ញាតិជូនទេ ប៉ុន្តែពួកគេអាចចាត់តំណាង របស់គាត់ប៉ុន្មាននាក់ ហើយយកញ្ញាតិ ទៅដាក់នៅតាមទីតាំង ដែលគាត់ចង់ដាក់បាន ហើយសម្រាប់ទីតាំង ដែលយើងអាច អនុញ្ញាតិឲ្យជួបជុំ គឺយើងអាចប្រើទីលានប្រជាធិបតេយ្យ ព្រោះនេះ ត្រូវបានកំណត់ដោយច្បាប់ ថាជាកន្លែងទុកសម្រាប់ បងប្អូនយើងសម្តែងមតិ” ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ការឆ្លើយតបនេះ គឺជាជំហររបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner