Air China នឹងមានហោះហើរត្រង់៣ជើងក្នុង១សប្តាហ៍ ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ

Air China នឹងចាប់ផ្តើមធ្វើការហោះហើរត្រង់ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។ ការហោះហើរនេះ នឹងមានសកម្មភាព ៣ជើង ក្នុងមួយសប្តាហ៍ នេះបើតាមតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិនៃ សាធារណរដ្ឋប្រជាមានិតចិន (Air China) ថ្ងៃទី ២៨ ខែ សីហាឆ្នាំ ២០១៨ ។

ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រតិភូតំណាងក្រុមហ៊ុន Air China បញ្ជាក់ថា ការដាក់ឲ្យមានការហោះហើរត្រង់នេះ គឺឆ្លើយតបទៅនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានកំណើននៃភ្ញៀវទេសចរណ៍ចិន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ គាំទ្រដល់ក្រុមហ៊ុនអាកាសចរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន និង ថែមទាំងជួយសម្រួលបែបបទបច្ចេកទេសនានាធ្វើយ៉ាងណាឱ្យមានការហោះហើរត្រង់មកតាមពេលវេលាដែលបានគ្រោងទុក គឺការហោះហើរ នឹងចាប់ផ្តើម នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយប្រើយន្តហោះប្រភេទ Airbus 320 ហោះហើរ០៣ ជើងក្នុងមួយសប្តាហ៍ ។

ឯកឧត្តមបន្តថា តាមរយៈការហោះហើរត្រង់រវាង រដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ នឹងជំរុញនូវចំណងមិត្តភាពប្រទេសទាំង០២ កាន់តែជិតកំណើនអ្នកដំណើរតាមផ្លូវអាកាសកាន់តែច្រើនថែមទៀត និងមានការផ្លាស់ប្តូរពាណិជ្ចកម្មរវាងប្រទេសទាំង២ កាន់តែល្អប្រសើរ។ 

តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិចិន (Air China) ថ្លែងអំណរគុណ ដល់កម្ពុជា ចំពោះការគាំទ្រយ៉ាងពេញទំហឹងការហោះហើរត្រង់ផ្ទាល់ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ។ របាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងឆមាសទី១ ដើមឆ្នាំ២០១៨ មានប្រមាណជាង៣លាននាក់ កើនឡើង ១២.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។  ក្នុងចំណោមនោះ ភ្ញៀវទេសចរណ៍ដែលចូលមក តាមតាមអាកាសមានចំនួន ជាង២លាននាក់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner