សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមខួបលើកទី២៥ទិវាកងរាជអាវុធហត្ថ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីបញ្ជាការកងរាជអាវុធហត្ថថ្មីនៅខេត្តស្វាយរៀង
ស្វាយរៀង៖នៅទីបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញចូលរួមខួបលើកទី២៥ទិវាកងរាជអាវុធហត្ថ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារល្អប្រណិតចំនួនពីរអគារ និងសមទ្ធិផលនានាដែលចំណាយថវិការអស់ជាង២លានដុល្លារ។
ពិធីនេះមានការចូលរួមពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងនាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សៅសុខា និងអស់លោកលោកស្រីជានាយឧត្តមសេនីយ៍ នាយទាហានពលទាហាននិងពលអាវុធហត្ថជិត៦០០នាក់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវការផ្តាំផ្ញើការសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីផងដែរ។សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ សៅ សុខា មន្ត្រីកងរាជអាវុធហត្ថនិងកងរាជអាវុធខេត្តស្វាយរៀងដែលកសាងកន្លែង ទីបញ្ជាការបានល្អប្រណិតទុកសម្រាប់ធ្វើការងារក្នុងការការពារសន្តិសុខសណ្តាប់ធ្នាបជូនប្រជាពលរដ្ឋ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់ចេញនូវបទបញ្ជា ចំនួន៤ចំណុចសំខាន់ៗ ឲ្យកងកម្លាំង កងរាជអាវុធហត្ថ អនុវត្តឲ្យបាន នៅមុនពេល និងអំឡុងពេល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាចុងខែកក្កដានេះ។
បទបញ្ជាទី១. កងរាជអាវុធហត្ថ ត្រូវពង្រឹងការការពារសន្តិភាព ស្ថិរភាពនយោបាយ ទី២. រួមគ្នាធានាឲ្យបានការបោះឆ្នោត ដែលដំណើរការដោយសេរី យុត្តិធម៌ ដែលច្បាប់បោះឆ្នោតបានតម្រូវ។ ទី៣. បន្តលើកកម្ពស់ការថែរក្សាសុខសន្តិភាព សាធារណៈ តាមរយៈការពង្រឹងវិន័យ សីលធម៌ ឲ្យសង្គមកាន់តែមានស្ថិរភាព និងចំនុចទី៤. កងរាជអាវុធហត្ថ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន ក្រសួង និងប្រទេសជាមិត្ត ធ្វើយ៉ាងណាសំដៅ ធ្វើឲ្យប្រទេសរីកចម្រើន និងជីវភាពប្រជាពលរដ្ឋ កាន់តែរីកចម្រើន។
សម្តេចពិជ័យសេនា នៅក្នុងឱកាសដដែលនេះ ក៏បានអបអរសាទរផងដែរ ចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថ ដែលបានអនុវត្តកន្លងមក ដោយបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈទាំងអស់ ក្នុងការការពារជាតិមាតុភូមិ។ សម្តេចបានលើកឡើងដែរថា ការប្រារព្ធពិធីអបអរសាទរនាថ្ងៃនេះ គឺជាការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ចំពោះកងរាជអាវុធហត្ថ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ដើម្បីពង្រឹងបន្ថែមទៀត នូវការថែរក្សាសុខសន្តិភាព។ សម្តេចថា សុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យប្រទេសរីកចម្រើន ដូចបច្ចុប្បន្ន។
សម្តេចពិជ័យសេនាក៏បានអំពាវនាវឲ្យកងកម្លាំងប្រដាប់ទាំងអស់ត្រូវស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស និងត្រូវរក្សាសុខសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង មានសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ។សម្តេចពិជ័យសេនា ក៏បានជំរុញដល់កម្លាំងទាំងអស់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ឲ្យបានគ្រប់ៗដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ និងពេញចិត្តក្នុងការទទួលបានសមទ្ធិផលជាច្រើនទៀត៕