ស្ថានទូតខ្មែរនៅថៃប្រតិកម្មជុំវិញការផ្សព្វផ្សាយអំពីអាជ្ញាធរថៃចុះត្រួតពិនិត្យពលករ

អត្ថបទដោយ៖
Kien Sereyvuth

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅថ្ងៃទី១២ ខែកក្កដា ម្សិលមិញ បានឲ្យដឹងថា ថ្មីៗនេះ មានក្រុមឆ្លៀតឱកាសមួយចំនួនបានយកឃ្លីបវីដេអូចាស់ៗ អំពីការចុះត្រួត ពិនិត្យជនបរទេសរបស់អាជ្ញាធរថៃ មកផ្សព្វផ្សាយឡើងវិញនៅតាមបណ្ដាញសង្គមហ្វេសប៊ុក  ក្នុងបំណងបំពុលសង្គម បង្កការភ្ញាក់ផ្អើល និងកេងចំណេញផ្នែកនយោបាយ។ ស្ថានទូតបានបញ្ជាក់ថា ចំពោះពលករដែលមានឯកសាសម្រាប់ស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសដៃ សូមរក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារជាធម្មតា។

ដោយឡែកពលករដែលមិនទាន់មានឯកសារសម្រាប់ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមប្រញាប់រួសរាន់ទំនាក់ទំនងមកស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីដាក់ពាក្យស្នើសុំ លិខិតធ្វើដំណើរបណ្ដោះអាសន្ន (Laissez –Passer) ធ្វើដំណើរត្រលប់ទៅប្រទេសកម្ពុជា ដើម្បីរៀបចំឯកសារស្របច្បាប់ និងត្រលប់ចូលមកធ្វើការនៅក្នុងប្រទេសថៃ តាមរយៈប្រព័ន្ធ MOU។  កាលពីថ្ងៃ១៨ ខែមិថុនាកន្លងទៅ  រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃលោកឧត្តមសេនីយ៍ ADUL SANGSINGKEO  នៅទីក្រុងបាងកក ប្រទេសថៃ ដោយភាគីទាំង២បានអបអរសាទរចំពោះ កិច្ចសហប្រតិបត្តិការ ក្នុងយុទ្ធនាការផ្ដល់ភាពស្របច្បាប់ដល់អ្នកដែលកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសថៃ ដែលគិតត្រឹមថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ ប្រទេសទាំង២បានរួមគ្នាផ្ដល់ ភាពស្របច្បាប់ដល់ពលករកម្ពុជាចំនួន១លាន៧ម៉ឺននាក់។

ភាគីទាំង២បានប្ដេជ្ញានឹងបញ្ចប់ ការបញ្ជាក់អត្តសញ្ញាណដល់ពលករកម្ពុជាប្រមាណ១ម៉ឺននាក់ទៀត ឲ្យបានចប់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។   ក្នុងកិច្ចពិភាក្សានោះ ភាគីថៃ បានឯកភាពអនុញ្ញាតឲ្យពលករកម្ពុជា ដែលមិនទាន់មានឯកសារ ក្រោយពេលបញ្ចប់យុទ្ធនាការនោះ អាចត្រលប់មកប្រទេសកម្ពុជា ដើម្បីស្នើសុំធ្វើឯកសារស្របច្បាប់ ហើយវិលត្រលប់ទៅធ្វើការនៅប្រទេសថៃវិញ។ ភាគីថៃសន្យាថានឹងសហការជាមួយភាគីកម្ពុជាដោយភាពទន់ភ្លន់ ក្នុងករណីឃើញថាមានពលករកម្ពុជាដែលមិនទាន់មានឯកសារ ឬបាត់ឯកសារ ដោយសហការជួនដំណឹងទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាទទួលបន្ទុកពលករ ដើម្បីរួមគ្នាដោះស្រាយ និងចេញលិខិតបើកផ្លូវដើម្បីពលករទាំងនោះបានវិលត្រលប់មកប្រទេសកម្ពុជាវិញ។

ភាគីទាំង២ក៍បានឯកភាពគ្នាបញ្ចប់យុទ្ធនាការជាស្ថាពរក្នុងការផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃរបស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨តទៅ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner