អ៊ីរ៉ង់សន្យាចែកចាយប្រេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន បើទោះបីជា ទទួលរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក

អ៊ីរ៉ង់៖ អនុប្រធានាធិបតីអ៊ីរ៉ង់លោក អេសាដ ចាហាន់ហ្គីរី បានគូសបញ្ជាក់ក្នុងថ្ងៃអង្គារ៍ ថា ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកបានធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ទទួលរងផល ប៉ះពាល់ក៏ពិតមែន ក៏ប៉ុន្តែទន្ទឹមគ្នានេះ រូបលោកបានសន្យាថា នឹងបង្កើនការចែកចាយប្រេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក៏ដូចជាចាត់វិធានការការពារប្រព័ន្ធធនាគាររបស់ខ្លួន ។
អនុប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននឹងកំពុងព្យាយាមបញ្ឈប់ការនំាចេញគីមីឥន្ធនៈ ដែកថែប និងទង់ដែង ក៏ដូចជាខិតខំប្រឹងប្រែងបង្ទុចបង្អក់ដល់ការចរាចរកំពង់ផែ និងសេវាដឹកជញ្ជូនរបស់ប្រទេសអ៊ីរ៉ង់។ បន្ថែមលើនេះ សហរដ្ឋអាម៉េរិកក៏បានស្វះស្វែងកាត់បន្ថយការចែកចាយប្រេង ដែលជាប្រភពដ៏សំខាន់នៃប្រាក់ចំណូលរបស់អ៊ីរ៉ង់ផងដែរ។ លោក ចាហាន់ ហ្គីរី បានសង្កត់ធ្ងន់ថា ការគាបសង្កត់បែបនេះ វានឹងក្លាយជាកំហុសមួយក្នុងការគិតថា សង្រ្គាមពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ អាចនឹងមិនមានផលប៉ះពាល់ដល់អ៊ីរ៉ង់នោះឡើយ ហើយថា យើងនឹងធ្វើឲ្យប្រជាជនអាម៉េរិកដឹងនៅ ឆ្នាំនេះថា ពួកគេមិនអាចបញ្ឈប់ការលក់ប្រេងរបស់អ៊ីរ៉ង់បានឡើយ ។
សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីខែឧសភា កន្លង ទៅនេះ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរង់ ព្រមទំាងដាក់ទណ្ឌកម្មរបស់ខ្លួនឡើងវិញ មិនតែប៉ុណ្ណោះ អាម៉េរិកថែមទំាងប្រាប់ដល់បណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យបញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ បើមិនដូច្នោះ នឹងប្រឈមមុខជាមួយការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner