ក្មេងប្រុសពីរនាក់លង់ទឹកស្រះស្លាប់ ពេលដែលម្តាយជាប់រវល់ស្ទូងស្រូវ
ព្រះវិហារ: ក្មេងប្រុស២នាក់ បានលង់ទឹកស្រះស្លាប់ គួរឲ្យអណោចអាធ័ម ខណៈពេលដែលម្តាយរបស់ពួកគេជាបរវល់ទៅស្ទូងស្រូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលម៉ោង០៣ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរៈសេនីយ៍ទោ ឡាញ់លី ស៊ីឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ម្តាយរបស់ក្មេងប្រុសជាជនរងគ្រោះទាំង២ បានប្រវាស់គ្នាស្ទូងស្រូវ ដោយពួកគាត់បាននាំកូនៗរបស់ពួកគាត់រៀងៗខ្លួន ទៅជាមួយដែរ។ ស្របពេលដែលកំពុងស្ទូងស្រូវ ពួកគាត់មិនបានចាប់អារម្មណ៍ទេ ក្រោយមកក៏ស្ងាត់មាត់ក្មេងទាំង២នាក់ ពួកគាត់ខំស្រែកហៅ ក៏ស្រែកហៅមិនឮ ពួកគាត់បានដើរទៅទឹកស្រះដែលនៅជិតនោះ ស្រាប់តែប្រទះឃើញសាកសពក្មេងទាំង២នាក់នោះអណ្តែត ទៅហើយ។
លោកអធិការបានបន្តថា សាកសពក្មេងប្រុសទី១ឈ្មោះ ផា ផាត់ ភេទប្រុសអាយុ៤ឆ្នាំ និងសាកសពក្មេងប្រុសទី២ឈ្មោះ ឆូយ រ៉ាឆាត ភេទប្រុសអាយុ៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗខ្លួនតាមប្រពៃណី៕
ដោយៈ សួនលីណា