អភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ៥៥០នាក់ នៅក្នុងឃុំបាស្រូវ ស្រុកជលគិរី
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋចំនួន៥៥០នាក់មកពី ឃុំកំពង់បាស្រូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម អ៊ឹង លាងហ៊ូ សមាជិកក្រុមប្រឹក្សាខេត្ត លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី លោកប្រាក់ វ៉ុនប្រធានមន្ទីរសុខាភិបាល និងលោក លោកស្រីអាជ្ញាធរភូមិ ឃុំជាច្រើននាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដោយមិនត្រូវចាញ់ឃោសនាអគតិពីសំណាក់ក្រុមអតីតគណបក្សប្រឆាំង ដែលបាននឹងកំពុងញុះញង់ អុចអាល បំផុសចលនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ ដូច្នេះ សំណូមពរសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតគណបក្សដែលខ្លួនស្រឡាញ់ឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានប្រគេនបច្ច័យព្រះសង្ឃ១៥អង្គ មួយព្រះអង្គ៣០០០០៛ និងបច្ច័យ៦លានរៀលសម្រាប់ជួយកសាងស្ពាន គណៈកម្មការវត្ត១៥នាក់ ម្នាក់ៗទទួលបានថវិកា២០០០០៛ និងអ្នកចូលរួម៥៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០០០រៀលផងដែរ៕ ម.ន