ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្តពោធិ៍សាត់ គឺជាការចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល

(ពោធិ៍សាត់)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានចាត់ទុកព្រឹត្តិការណ៍តែងតាំងថ្នាក់ដឹកនាំថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ គឺជាភស្តុតាងដែលបញ្ជាក់ពីការចូលរួមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

ការអះអាងរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីភាព ជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តពោធិ៍សាត់ ដែលរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលសាលាខេត្ត រួមទាំងតំណាងវិស័យឯកជនម្រមាណជាង ១០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកោតសរសើរអតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចគ្រប់គ្រង និងដឹកនាំមន្ទីរពាណិជ្ជកម្ម រហូតក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីវិស័យឯកជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តពោធិ៍សាត់ ដែលកន្លងមកបានផ្ដល់នូវកិច្ចសហការល្អ និងតែងគាំទ្ររាល់កម្មភាពរបស់មន្ទីរពាណិជ្ជកម្ម ព្រមទាំងបានស្នើលោកប្រធានមន្ទីរថ្មី ខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ជាពិសេសត្រូវពង្រឹងកិច្ចសហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរខេត្ត ដើម្បីចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារឲ្យបានដូចភ្លៀងរលឹម ដើម្បីការពារសុខមាលភាពជូនប្រជាជន។ លើសពីនេះ ត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ទាក់ទិននឹងការកំណត់តម្លៃប្រេងថ្មី នៅតាមស្ថានីយលក់ប្រេងឥន្ធនៈនានា ក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងការអបអរចំពោះព្រឹត្តិការណ៍តែងតាំងថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មថ្ងៃនេះ និងបានស្នើដល់ប្រធានមន្ទីរថ្មី ខិតខំពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីដឹកនាំមន្ត្រីក្រោមឱវាទ និងមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ សំដៅនាំមកនូវសមិទ្ធផលថ្មីៗជូនប្រជាជន និងវិស័យពាណិជ្ជកម្មជាតិ។
លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ ពង្រឹងការផ្តល់សេវាសាធារណៈ និងបម្រើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសវិស័យឯកជននៅក្នុងខេត្តពោធិ៍សាត់ ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ពោធិ៍សាត់ គឺជាខេត្តមួយដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា អមទៅដោយបឹងទន្លេសាបដែលជាជង្រុកត្រីដ៏ធំរបស់កម្ពុជា។ ក្រៅពីសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានប្រណិតៗ ខេត្តពោធិ៍សាត់ ក៏សម្បូរដោយដីមានជីជាតិ ដែលមានលក្ខណៈអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ និងឈើហូបផ្លែគ្រប់ប្រភេទ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner