ក្រសួង ស្ថាប័នពាក់ព័ន្ឋ និងវិស័យឯកជនពិភាក្សាគ្នាដើម្បីជម្រុញការលើកកម្ពស់ផលិតផលខ្មែរ

អត្ថបទដោយ៖
Kien Sereyvuth

គណៈកម្មាធិការជាតិជំរុញភូមិ១ផលិតផល១ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Jet Group បានរៀបចំធ្វើសិក្ខាសាលាមួយស្តីពីការពង្រឹងគុណភាពផលិតផលខ្មែរក្នុងបរិបទទីផ្សារប្រកួតប្រជែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នាទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម សុន គន្ធរ អនុប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
មានប្រសាសន៏ក្នុងឱកាសនោះ, ឯកឧត្តម ជា សំណាង អគ្គលេខាធិការនៃ អគ្គលេខាធិ- ការដ្ឋានជម្រុញចលនាភូមិ១ផលិតផល១ បានឲ្យដឹងថា គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាប្រធាន ហើយសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋជាអនុប្រធាន និងមានគណៈកម្មាធិការរាជធានី ខេត្ត ដែលមានអភិបាលរាជធានី ខេត្ត ជាប្រធានគណៈកម្មាធិកា។ ឯកឧត្តមបន្តថា អគ្គលេខាធិការដ្ឋានជម្រុញភូមិ១ផលិតផល១ មានតួនាទីសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ឋ ដៃគូអភិវឌ្ឍន៏ និងវិស័យឯកជន ដើម្បីអនុវត្តុយន្តការនានាដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីការជម្រុញភូមិ១ផលិតផល១ ដែលជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តពីឆ្នាំ ២០១៦-២០២៦។
ជាមួយគ្នានោះ, លោកឧកញ៉ា ស្រី ចាន់ថន ក៏បានបញ្ជាក់ដែរថា ការដែលក្រុមហ៊ុន Jet Group សហការជាមួយអគ្គលេខាធិការដ្ឋានជម្រុញភូមិ១ផលិតផល១ គឺក្នុងគោលបំណងលើកទឹកចិត្តដល់បណ្តាផលិតករ សិប្បករខ្មែរ ឲ្យស្វែងយល់កាន់តែច្បាស់ពីចង្វាក់ផលិតកម្ម ការកែលម្អរគុណភាពផលិតផល ការវិចខ្ចប់ ឲ្យត្រូវតាមស្តង់ដា ដើម្បីងាយស្វែងរកទីផ្សារលក់ផលិតផល ក្នុងន័យធ្វើយ៉ាងណា រួមគ្នាដោះស្រាយបញ្ហានានា និងលើកស្ទួយផលិតផលខ្មែរ។
មានប្រសាសន៏បើកអង្គសិក្ខាសាលា, ឯកឧត្តម ស៊ុន គន្ធរ បានមានប្រសាសន៏ថា  សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅខេត្តអូយតា (Oita) ប្រទេសជប៉ុន កាលពីឆ្នាំ២០០១ ដែលជាខេត្តមួយអនុវត្តទស្សនាទានចលនាភូមិ១ផលិតផល១ ប្រកបដោយជោគជ័យ ហើយបច្ចុប្បន្នទស្សនាទាននេះ ត្រូវបានយកមកប្រើប្រាស់នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។ ចំណែកឯកម្ពុជាវិញ ទស្សនាទាន “ភូមិ១ផលិតផល១” នេះក៏មានយូរណាស់មកហើយ ដោយប្រជាជនកម្ពុជានៅតាមតំបន់នានាៗបានផលិតនូវផលិតផលផ្សេងៗជាច្រើន ប្រកបដោយភាពច្នៃប្រឌិតតាមបែបប្រពៃណីដោយប្រើប្រាស់វត្ថុធាតុដើម និងធនធានដែលមានស្រាប់នៅក្នុងភូមិ ស្រុក ដើម្បីបង្កើនចំណូលនៅក្នុងគ្រួសារ។ ឯកឧត្តមបញ្ជាក់ថា គោលដៅជាយុទ្ឋសាស្រ្តនៃការជំរុញចលនាភូមិ១ផលិតផល១ គឺមានចរិកជាការលើកកំពស់ផលិតផលក្នុងស្រុក រួមមានការផលិត ការវិចខ្ចប់ និងការរកទីផ្សារសំរាប់ផលិតផលក្នុងស្រុកទាំងនោះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍន៏សេដ្ឋកិច្ចជនបទ ដូចប្រសាសន៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា “ត្រូវធ្វើឲ្យបានល្អ ធ្វើឲ្យបានច្រើន និងលក់ឲ្យដាច់”។ ឯកឧត្តមក៏បានជម្រុញដល់គណៈកម្មាធិការជំរុញភូមិ១ផលិតផល១ រាជធានី ខេត្ត ត្រូវរៀចំផែនការសកម្មភាពរបស់ខ្លួនឲ្យបានច្បាស់លាស់, ខិតខំស្វែងរកទីផ្សារសម្រាប់ផលិតផល, រៀបចំការប្រលងប្រណាំងស្នាដៃផលិតផលភូមិ១ផលិតផល១ ហើយអគ្គលេខាធិការដ្ឋានជំរុញភូមិ១ផលិតផល១ និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ឋ ត្រូវជួយដល់គណៈកម្មាធិការជំរុញភូមិ១ផលិតផល១រាជធានី ខេត្ត ក្នុងការគាំទ្របច្ចេកទេស ការលើកកម្ពស់ផលិតភាព គុណភាព ការស្វែងរកទីផ្សារផលិតផល ការអភិវឌ្ឍន៏ធនធានមនុស្ស ការគាំទ្រហិរញ្ញវត្ថុ និងការពង្រឹង និងពង្រីកការយល់ដឹងពីចលនាភូមិ១ផលិតផល១ រួមទាំងយុទ្ឋសាស្ត្រផ្សេងៗទៀត។
ក្នុងកម្មវិធីនោះ, ក៏មានការឆ្លើយនូវសំនួរនានារបស់ផលិតករ សិប្បករ ដោយលោក ឈាវ ផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៏ទីផ្សារនៃក្រសួងពាណិជ្ជកម្ម និងលោក នួន សុភ័ណ្ឌ ប្រធាននាយកដ្ឋានផែនការ និងជម្រុញការអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ផងដែរ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner