ថ្ងៃនេះមានបុរសស្ត្រី២នាក់ មកលោតទឹកលើស្ពានជ្រោយចង្វារ សម្លាប់ខ្លួនបានសម្រេចម្នាក់ ខណៈម្នាក់ទៀតត្រូវសមត្ថកិច្ចជួយទាន់

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានបុរសស្ត្រី២នាក់ បានគិតខ្លី ជិះកង់ និងដើរមកប៉ុនប៉ងលោតទឹកលើស្ពានជ្រោយចង្វារ  ដើម្បីសម្លាប់ខ្លួន មុនក្រោយគ្នាបន្តិច ទាល់តែបានសម្រេចម្នាក់ជាបុរស ដោយពុំទាន់ដឹងពីមូលហេតុនោះទេ ខណៈស្ត្រីម្នាក់ទៀត ប៉ុនប៉ងលោត តែមិនបានសម្រេចឡើយ ព្រោះត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ជួយចាប់ឃាត់ទាន់ពេលវេលា សង្ស័យមកពីវិប្បត្តិគ្រួសារ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

តែនៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ ជិះកង់ពីលិចទៅកើត មកឈប់លើស្ពានជ្រោយចង្វា ចំពាក់កណ្ដាលស្ពាន ស្រាប់មួយសន្ទុះក៍ផ្ដួលកង់ចោល លោតទម្លាក់ខ្លួនពីលើស្ពានបាត់ខ្លួនតែម្ដង បន្សល់ទុកកង់១គ្រឿងនៅកន្លែងកើតហេតុ សង្ស័យស្លាប់បាត់បង់ជីវិតហើយមើលទៅ។

ជាមួយគ្នានោះ បន្ទាប់ពីបុរសរងគ្រោះលោតទឹកសម្លាប់ខ្លួនបានសម្រេច គេឃើញនារីម្នាក់ទៀត ដើរមកឈរលើពាក់កណ្ដាលស្ពានជ្រោយចង្វារ បម្រុងប៉ុនប៉ងលោតសម្លាប់ខ្លួន តែមិនបានសម្រេចនោះទេ ព្រោះត្រូវកម្លាំងប្រជាការពារ និងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ជួយចាប់ឃាត់ទាន់ពេលវេលា ដោយសង្ស័យមកពីវិប្បត្តិគ្រួសារ។

នារីរងគ្រោះដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានគេស្គាល់ ថាមានឈ្មោះ ថន ស្រីពីន អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលម្តុំផ្សារមាន់អាំង មានស្រុកកំណើតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល។ ឯបុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ បានសម្រេច និងសង្ស័យស្លាប់បាត់បង់ជីវិតនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។

ទោះបីយ៉ាងណា ក្រោយកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់នាំខ្លួនទៅសួរនាំ ពីដំណើររឿង និងសហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីស្វែងរកសាច់ញាត្ត និងរកសាកសពបុរសរងគ្រោះម្នាក់ទៀតផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner