រថយន្តដឹកបេតុងបើកបុកម៉ូតូ២គ្រឿង ស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅផ្លូវជាតិលេខ៣
ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកបេតុងបើកបុកម៉ូតូពីក្រោយចំនួន២គ្រឿង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខធនាគារវឌ្ឍនៈ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ងាំ សៀង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ រដ្ឋបាលរោងចក្រ ស្នាក់នៅ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BU-5070 ។
ចំណែកជនរងគ្រោះ២នាក់ប្ដីប្រពន្ធ មិនបានស្គាល់អត្ដសញ្ញាណ ក្រោយកើតហេតុ ភ្លាមៗ រថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-8551 ។ រីឯរថយន្តបង្កម៉ាក ហុីណូ ពណ៌ស ប្រភេទដឹកបេតុង ពាក់ស្លាកលេខ ភ្នំពេញ 5A-0339 អ្នកបើកបរ ចុះគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកល្បឿនលឿន ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ គេចពីរថយន្តច្រាសទិស ជ្រុលទៅបុកពីក្រោយ ម៉ូតូទាំង២គ្រឿងខាងលើ បណ្តាលឲ្យស្លាប់ម្នាក់ ជាអ្នកបើកបរម៉ូតូស្កុបពី និងរងរបួសធ្ងន់២នាក់ ប្តីប្រពន្ធ ជិះម៉ូតូសេ១២៥ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ សម្រួលចរាចរណ៍ ហើយយករថយន្តបង្ក និងម៉ូតូ២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕