ការដ្ឋានសង់ស្ពានម៉ាឡេមួយកន្លែង ក្នុងតំបន់ដាច់ស្រយ៉ាល នាស្រុកកោះញែក ត្រូវបានបើកហើយ
មណ្ឌលគិរី: ស្ពានម៉ាឡេមួយកន្លែង ត្រូវបានអភិបាលខេត្តមណ្ឌលគិរី ផ្តល់វត្តមានបើកការដ្ឋានឱ្យសាងសង់ ក្នុងទិសដៅប្រើប្រាស់ដើម្បីកាត់បន្ថយរាល់ការលំបាករបស់ពលរដ្ឋ។ ការបើកការដ្ឋាននេះគឺធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ក្នុងឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ប្រភពពីមន្ត្រីនៃស្រុកកោះញែកបញ្ជាក់ថាស្ពានម៉ាឡេនេះគ្រោងនិងធ្វើឡើងក្នុងទំហំ៦ម៉ែត្រប្រវែង៤០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងភូមិចំនួន០៤ក្នុងឃុំណងឃីលឹកនេះ។
អភិបាលខេត្តមណ្ឌលគិរីលោកស្វាយ សំអ៊ាង បានលើកឡើងថា ដោយមើលឃើញពីការធ្វើដំណើររបស់ពលរដ្ឋ មានការលំបាកខ្លាំង ជាពិសេស នៅរដូវវស្សា មិនអាចឆ្លងកាត់អូរជីមៀតបាននោះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញ បានសហការគ្នា ដើម្បីធ្វើយ៉ាងណា កសាងស្ពាននេះជូនពលរដ្ឋប្រើប្រាស់។ លោកអភិបាលបានបន្ថែមថា ការកសាងស្ពានម៉ាឡេ នៅអូរជីមៀតនេះ ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋក្នុងស្រុកកោះញែក ជាពិសេសប្រជាពលរដ្ឋចំនួន០៤ភូមិ នៅឃុំណងឃីលឹកនេះតែម្តង ក្នុងការធ្វើចរាចរណ៍បានងាយស្រួល។ លោកបន្ថែមថា ការរីកចម្រើននូវបញ្ហាហេដ្ឋានរចនាសម្ព័ន្ធ ទឹក ភ្លើង និងធនធានមនុស្ស គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំដោយសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ ក៏សូមអោយពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារសុខសន្តិភាព ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើន ជាពិសេស ដើម្បីបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋបានល្អប្រសើរ។
គួរបញ្ជាក់ផងដែរ ដោយផ្អែកលើការលើកឡើងពីប្រជាពលរដ្ឋនោះ គឺចរាចរណ៍ទៅមករបស់អ្នកភូមិដើម្បីឆ្លងកាត់អូរជីមៀតនេះ គឺត្រូវជិះក្បូនឈើឬ ឬស្សី ដែលជាបញ្ហាប្រឈមនិងគ្រោះថ្នាក់យ៉ាងខ្លាំងពេលរដូវវស្សាបែបនេះ។ ពលរដ្ឋបានសាទរផងដែរ លើការព្យាយាមជួយពីសំណាក់ថ្នាក់ដឹកនាំនៅពេលនេះ៕ ដោយៈសាតចាន់បុត្រ