កម្លាំងបរិស្ថានខេត្តកំពង់ធំ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ រឹបអូសឈើអារជាង៥ម៉ែត្រគូប និងឈើហ៊ុបរាប់សិបកំណាត់ នៅក្នុងព្រៃឡង់ដែលជាដែនព្រៃការពារដោយរាជរដ្ឋាភិបាល!

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ ដើមឈើហ៊ុបតូចធំគ្រប់ប្រភេទមានរាប់សិបកំណាត់ និងឈើអាររាប់ពាន់ចម្រៀក ត្រូវបានកម្លាំងសមត្ថកិច្ចបរិស្ថានខេត្តកំពង់ធំ បើកប្រតិបត្តិការបង្ក្រាបនាច្រើនថ្ងៃនៅក្នុងសប្តាហ៍នេះ នៅក្រោយពីឈ្មួញបានធ្វើសកម្មភាពកាប់ផ្តួល អារពុះ និងច្រៀកនៅក្នុងព្រៃឡង់ ដើម្បីដឹកជញ្ជូនយកទៅលក់យ៉ាងគឃ្លើន ផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល។

  ប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសឈើនៅក្នុងព្រៃឡង់នោះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៦មិនថុនា រហូតដល់ថ្ងៃទី១៩មិថុនា២០១៨ ហើយនៅថ្ងៃទី២០ និង២១មិថុនាម្សិលមិញ កម្លាំងបរិស្ថានខេត្តកំពង់ធំ បាននិងកំពុងរកមធ្យោបាយ ដើម្បីដឹកឈើទាំងនោះយកមករក្សាទុក។ ដើមឈើធំៗដែលរងការកាប់ផ្តួល ដើម្បីអារពុះ និងច្រៀកដឹកធ្វើជំនួញនោះ គឺនៅក្នុងព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

  សមត្ថកិច្ចនៅក្នុងការបង្ក្រាបឈើនោះ បានបង្ហើបឲ្យឲ្យដឹងថា នៅពេលដែលក្រុមមន្ត្រីបរិស្ថានខេត្ត បានចុះដល់កន្លែងឈ្មួញប្រព្រឹត្តបទល្មើសនោះ ពួកគេបានឃើញក្រុមឈ្មួញធ្វើសកម្មភាពសង់ជាជំរុំសំរាប់ធ្វើជម្រក ដោយមានការបោះតង់ជាជួរ ធ្វើកន្លែងដេក និងចំណិនអាហារនោះផងដែរ។ សមត្ថកិច្ចបន្តថា ក្រោយពីរកឃើញកន្លែងបោះតង់ស្នាក់នៅកាប់ឈើនោះហើយ កម្លាំងសមត្ថកិច្ចបរិស្ថាន បានបន្តរុករកក្នុងព្រៃ ហើយបានប្រទះឃើញដើមឈើតូចធំជាច្រើនប្រភេទ ត្រូវបានជនល្មើសកាប់ផ្តួលថ្មីៗ អារពុះ និងច្រៀក ដើម្បីដឹកជញ្ជូនយកទៅលក់ នៅខាងក្រៅរង្វង់ដែនដីខេត្តកំពង់ធំ។ លោកថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងព្រៃឡង់នាច្រើនថ្ងៃក្នុងសប្តាហ៍នេះ សមត្ថកិច្ចបានរុះរោងស្នាក់នៅ ដែលជនល្មើសសង់ដេកកាប់ឈើបានជាច្រើនរោង ហើយបានធ្វើការរឹបអូសឈើអាររួចបានប្រមាណ៥ម៉ែត្រគូប និងឈើមូលជាច្រើនប្រភេទ បានរាប់សិបកំណាត់ រួមជាមួយវត្ថុតាងប្រព្រឹត្តបទល្មើសបន្ទាប់បន្សំ បានមួយចំនួនថែមទៀតផង។

  មន្ត្រីបរិស្ថានខេត្តបានបង្ហើបទៀតថា នៅក្នុងអំឡុងពេលច្រើនថ្ងៃ នៃការចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនោះ សមត្ថកិច្ចមិនបានធ្វើការរឹបអូសវត្ថុតាង ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសនោះទេ ព្រោះនៅមុនពេលសមត្ថកិច្ចចុះទៅដល់ ក្រុមឈ្មួញបានទម្លាក់ឈើចោលក្នុងព្រៃ ហើយបើកគោយន្តកន្ត្រៃគេចចេញទៅអស់។ ចំណែក ថៅកែទិញឈើនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ក្រុមអ្នកកាប់ឈើអាចដឹកយកទៅលក់ឲ្យឈ្មោះ ជិន រើម មានទីលំនៅ ភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ហើយស្ត្រីសង្ស័យមេឈ្មួញដឹកឈើទាំងនោះ យកទៅលក់នៅខាងក្រៅដែនដីខេត្ត។ លោកថា ការចុះបង្ក្រាបឈើនៅពេលនេះ គឺមន្ទីរបរិស្ថានខេត្ត បានអនុវត្តតាមការណែនាំ របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគោរពតាមការដាក់ចេញ នូវវិធានការទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ ពីអាជ្ញាធរខេត្តកំពង់ធំ ដោយតម្រូវឲ្យមន្ត្រី នៃមន្ទីរបរិស្ថានខេត្ត ត្រូវតែអនុវត្តបទបញ្ជានេះ ឲ្យមានប្រសិទ្ធិភាព។ លោកបញ្ជាក់ថា នៅក្រោយបង្ក្រាបនោះរួច សមត្ថកិច្ចបានធ្វើការដឹកជញ្ជូនឈើ ដែលជាវត្ថុតាងបទល្មើស យកទៅរក្សាទុកនៅស្នាក់ការបរិស្ថានព្រះអាទិត្យ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីចងក្រងឯកសារ អនុវត្តទៅតាមនីតិវិធី។

  នៅក្នុងខេត្តកំពង់ធំដដែលនោះ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា លោកបានបញ្ជាដល់កម្លាំងសមត្ថកិច្ច ឲ្យចុះឃាត់រថយន្តដឹកឈើខ្នាតយក្សមួយគ្រឿង គ្រាដែលរថយន្តនោះ បានដឹកជញ្ជូនឈើអារប្រភេទលេខ២ ចេញពីខេត្តព្រះវិហារ ហើយបានបើកឆ្លងកាត់ខេត្តកំពង់ធំ និងនៅស្របពេលដែលរថយន្តនោះ បានព្យាយាមបើកគេច បន្ទាប់បានបើកបរប៉ះទង្គិច ជាមួយរថយន្តពីរគ្រឿងរបស់សមត្ថកិច្ចខេត្ត បណ្តាលឲ្យរងការខូចខាត នោះមក។ ការបង្ក្រាបរថយន្តដឹកឈើប្រភេទផ្លាឌឺគាំមួយគ្រឿងនោះ សមត្ថកិច្ចបានធ្វើឡើងអស់រយះជាច្រើនម៉ោង ដោយបានធ្វើការប្រដេញស្ទាក់ ចាប់ពីម៉ោង១១យប់ថ្ងៃទី២០មិថុនា រហូតដល់ម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១មិថុនា២០១៨ ទើបសមត្ថកិច្ចស្ទាក់ចាប់បាន នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក។ ចំណែក អ្នកបើកបររថយន្តដឹកឈើខ្នាតយក្សនោះ បានបើកទ្វាររថយន្តចុះគេចខ្លួនទាំងយប់។

  មន្ត្រីព្រៃឈើកំពង់ថ្ម បានប្រាប់ឲ្យដឹងថា រថយន្តធុនយក្សដឹកឈើចេញពី ខេត្តព្រះវិហារ ហើយត្រូវបានបង្ក្រាបនៅខេត្តកំពង់ធំនេះ ជារថយន្តប្រភេទផ្លាឌឺគាំ មានក្បាលពណ៌ក្រហម ទ្រុងប្រភេទកុងទឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-9246 ត្រូវបានបញ្ជូនយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រសឈើកំពង់ថ្ម។ ហើយនៅក្រោយការវាស់វែងរួច ឈើអារនៅក្នុងរថយន្តមួយគ្រឿងនេះ មានជាង១១ម៉ែត្រគូបត្រីគុណ ខណៈនេះសមត្ថកិច្ចព្រៃឈើ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ធំ ចាត់ការតាមច្បាប់៕   ដោយ៖ឡុង សំបូរ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner