ប្រធានាធិបតីកូរ៉េខាងត្បូងស្នើអោយមានការបញ្ជូនឧស្ម័នរ៉ុស្ស៊ីតាមបំពង់បង្ហូរប្រេងទៅកូរ៉េទាំងពីរ និងជប៉ុន

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្នើឡើងថា បំពង់បង្ហូរប្រេងថ្មី អាចត្រូវបានគេដាក់ ដើម្បីនាំឧស្ម័នរ៉ុស្ស៊ីកាត់តាមកូរ៉េខាងជើងមកកូរ៉េខាងត្បូង ហើយបន្តទៅប្រទេសជប៉ុន បន្ទាប់ពីទំនាក់ទំនងការទូតមានភាពល្អប្រសើរឡើងជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ។
បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយដូចនេះ ទៅ កាន់អ្នកសារព័ត៌មានរ៉ុស្ស៊ី មុនពេលធ្វើដំណើរបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃទៅ កាន់ទីក្រុងម៊ូស្គូ ប្រទេសរ៉ុស្ស៊ី នៅក្នុងថ្ងៃ ព្រហស្បតិ៍ត នេះ ។
ទន្ទឹមគ្នានោះដែរ លោក មូន ជែអ៊ីន បានបន្ថែមទៀតថា ការស្តារផ្លូវដែកអន្តរកូរ៉េឡើងវិញ និងភ្ជាប់វាទៅកាន់ផ្លូវដែកឆ្លងកាត់ស៊ីបេរី នឹងអាចធ្វើអោយមានការដឹក ជញ្ជូនតាមផ្លូវគោកពីប្រទេសកូរ៉េខាងត្បូង ដែលពឹងផ្អែកលើពាណិជ្ជកម្មនេះ ទៅអឺរ៉ុបផងដែរ ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានសង្កត់ធ្ងន់ថា ប្រការនេះនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងដល់ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាង ជើង ព្រមទាំងរ៉ុស្ស៊ីផងដែរ ។
សូមរំលឹកថា រ៉ុស្ស៊ី-កូរ៉េខាងត្បូងបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៨ ដើម្បីដាក់បំពង់បង្ហូរឧស្ម័នឆ្លងកាត់កូរ៉េខាងជើង ដើម្បីនាំឧស្ម័នធម្មជាតិរបស់រ៉ុស្ស៊ីទៅកូរ៉េខាងត្បូង ប៉ុន្តែគម្រោងនេះ បានបរាជ័យដោយសារតែភាពតានតឹងអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner