កម្ពុជានិងចិនគ្រោងនឹងរៀបចំពិពណ៌ពាណិជ្ជកម្មឲ្យបានច្រើនដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជានិងចិនគ្រោងនឹងរៀបចំពិពណ៌ពាណិជ្ជកម្មឲ្យបានច្រើនដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២។ ការបង្ហាញពីគម្រោងនោះធ្វើឡើងដោយអនុរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មចិន លោកស្រី GAO Yan ក្នុងពេលអនុញ្ញាតិឲ្យជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃ១៩មិថុនានេះ នាវិមានសន្ដិភាព រាជធានីភ្នំពេញ។ លោកស្រី GAO Yan បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលលោកស្រី មកប្រទេសកម្ពុជាម្ ហើយលោកស្រី សង្កេតឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីភាពរីកចំរើននៃជីវភាពរស់នៅ របស់ប្រជាជនផងដែរ។ លោកស្រី បានរាយការណ៍ជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា លោកស្រី នឹងជួបជាមួយ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន័ ដើម្បីចុះហត្ថលេខាលើឯកសារមួយចំនួន និងជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរសក្តិ ផងដែរនៅល្ងាចនេះ។ លោកស្រី មានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់កម្ពុជានាពេលនេះ គឺដើម្បីអនុវត្តតាមអ្វីដែលថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខា រួចមកហើយ ដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការតភ្ជាប់គោលនយោបាយជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ការជម្រុញការ អភិវឌ្ឍលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ លើទំហំពាណិជ្ជកម្ម ដែលកម្ពុជា និងចិនបានទទួល ជោគជ័យក្នុងការអនុវត្តទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ហើយនៅពេលនេះ កំពុងតែជម្រុញឲ្យកាន់តែកើនឡើងថែមទៀត តាមរយៈការរៀបចំឲ្យមានការចូលរួម ពីកម្ពុជាក្នុងការរៀបចំពិពរណ៍ នៅប្រទេសចិនលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរបាយការណ៍របស់លោកស្រី GAO Yan និងបានយល់ស្របទាំងស្រុង និងគាំទ្រលើអ្វីដែលលោកជំទាវបានលើកឡើងផងដែរ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ចំណុចថ្មីមួយទៀត ហើយការអភិវឌ្ឍរបស់កម្ពុជាមិនអាចកាត់ផ្តាច់ ពីជំនួយរបស់មិត្តចិនបានឡើយ ពិសេសជំនួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងទំហំពាណិជ្ជកម្មដែលបានកើនឡើងលើសពីអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានកំណត់ និងជំនួយដ៏ទៃទៀត ដែលនាំកម្ពុជាឈានដល់កំរិតនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មិត្តចិនដែលតែងតែបានជួយដល់កម្ពុជាយើង និងបានជូនពរលោកជំទាវ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងដំណើរ បំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះទទួលបាននូវភាពជោគជ័យ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner