សាខាកាកបាទក្រហមកម្ពុជា ខេត្ដព្រះសីហនុ ប្រារព្ធពិធីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រីនរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

អត្ថបទដោយ៖
Kien Sereyvuth

សាខាកាកបាទក្រហមកម្ពុជា ខេត្ដព្រះសីហនុ ប្រារព្ធពិធីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ។ ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រមខេត្ដ ស្ថិតក្នុងសង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ រសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

ឯកឧត្ដម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ និងជាប្រធានកិត្ដិយសសាខាកាកបាទក្រហមកម្ពុជាខេត្ដ ថ្លែងថា ក្នុងឱកាសដ៏នក្ខត្ដឫក្ស នៃព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាសទូលបង្គំ យើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា អនុសាខា មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា ខេត្ដព្រះសីហនុ សូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះរាជសព្វ សាធុការពរ សិរីសួស្ដី ជ័យមង្គលមហាប្រសើរ ដោយមនោ សញ្ចេតនាគោរពស្រឡាញ់ និងស្វាមីភ័ក្ដិដ៏ជ្រាលជ្រៅបំផុត។

ឯកឧត្ដម បន្ដថា ខ្ញុំម្ចាស់ ទូលបង្គំទាំងអស់គ្នា មានមោទនភាពណាស់ និងមហាកិត្ដិយសដ៏ក្រៃលែង ដែលសម្ដេចព្រះមហាក្សត្រីទ្រង់គង់ប្រថាប់ជាប្រធានកិត្ដិយស នៃកាកបាទក្រហមកម្ពុជា ញ៉ាំងឲ្យកិត្ដិនាមស្ថាប័នមនុស្សធម៌មួយនេះត្រូវបានលើកកម្ពស់បង្កើតបាននូវទំនុកចិត្ដ និងការចូលរួមគាំទ្រយ៉ាងខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។ជាមួយនេះ ទូលព្រះបង្គំទាំងអស់គ្នា នៅចងចាំបានថា ព្រះរាជសកម្មភាពបម្រើបុព្វហេតុ សង្គហធម៌ មនុស្សធម៌ ក្នុងសម័យសង្គមរាស្ដ្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំនៃអង្គសម្ដេចឪជាទីសក្ការៈ ស្ថិតនៅជាអមតៈក្នុងបេះដូង និងជាព្រះរាជគំរូ ដ៏ថ្លៃថ្លាសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ឯកឧត្ដម បន្ថែមថា ឆ្លៀតក្នុងពិធីចម្រើនព្រះជន្មគម្រប់ ៨២ យាងចូល ៨៣ ព្រះវស្សា ដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលបង្គំទាំងអស់គ្នា សូមបួងសួងដល់វត្ថុសក្ក័សិទ្ធិក្នុងលោក ទេវតារក្សាមហាស្វេតច្ឆ័ត្រ និងព្រះវិញ្ញាណ  ក្ខ័ន្ធនៃព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គព្រមទាំងព្រះបរមរតនៈកោដ្ឋ មេត្ដាប្រោសប្រទានព្រះពរជ័យមហាប្រសើរ ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទូតរបស់ព្រះអង្គតរៀងទៅ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner