សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកអំណោយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ខានស្អែកនេះ
អត្ថបទដោយ៖
Kien Sereyvuth
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខានស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះទៅពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយជូនដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជា ប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់។
របាការណ៍បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងប៉ះពាល់ដូចជា៖
- ប៉ះពាល់១៩ រាជធានី-ខេត្ត ស្មើ៩១ក្រុង/ស្រុក/ខណ្ឌរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ
- ប៉ះពាល់ប្រជាជនប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់
- ប្រជាជនជម្លៀសប្រមាណ ៩,៣៤៩គ្រួសារ ស្មើប្រមាណ ៣៧,៣៩៦នាក់ ប្រជាជនស្លាប់២៥នាក់
- ផ្ទះប៉ះពាល់ប្រមាណ ៧៣,៧២០ខ្នង និងខូចខាត ៥៦ខ្នង
- សាលារៀនលិចទឹកប្រមាណ ៥៦៨កន្លែង
- ស្រូវលិចទឹកប្រមាណ ២១៣,២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩,៨៨៨ហិកតា
- ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ
- ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៦៧ គីឡូម៉ែត្រ
- ទំនប់ ប៉ះពាល់ប្រមាណ ២៤ គីឡូម៉ែត្រ
- ប្រឡាយមេ ប៉ះពាល់ប្រមាណ ១៩៧.៣ គីឡូម៉ែត្រ
- ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១.៦ គីឡូម៉ែត្រ