ក្រុមហ៊ុនបុរី ប៉េង ហួត ផ្ដល់ថវិកា១០ម៉ឺនដុល្លារ និងសម្ភារៈមួយចំនួនជូនលោក ហ៊ុន ម៉ាណែត សម្រាប់ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគាំពារដល់កងទ័ពក្នុងគ្រាមានអាសន្ន
លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េងហួត គ្រុប លោកឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប រួមទាំងថ្នាកដឹកនាំសំខាន់ៗ នៅថ្ងៃទី១៩តុលាឆ្នាំ ឆ្នាំ២០២០ បានចូលជួបសំដែងការគួរសម និងប្រគល់អំណោយជូនលោក ហ៊ុន ម៉ាណែត ដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។
លោកឧកញ៉ា ថៃ ជាហួត បានមានប្រសាសន៍ថា លោកមានទឹកចិត្ត និងសេចក្តីសោមនស្សរីករាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងកងទ័ពក្នុងគោលបំណងឆ្លើយតបសង្គ្រោះ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងគាំពារដល់កងកម្លាំងប្រដាប់អាវុធក្នុងគ្រាមានអាសន្នដោយសារគ្រោះមហន្តរាយទឹកជំនន់។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េងហួត គ្រុប អ្នកឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប រួមទាំងថ្នាកដឹកនាំសំខាន់ៗទាំងអស់ចំពោះទឹកចិត្តដ៏សប្បុរសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគាំពារកងទ័ពក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត។
នេះគឺជាការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ។ សូមបញ្ជាក់ថា សម្ភារៈ និងថវិកាដែលក្រុមហ៊ុន ប៉េង ហួត បានប្រគល់ជូននាពេលនេះរួមមាន ថវិកា១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករចំនួន២០០តោន ទឹកសុទ្ធ៣០០០កេស ភេសជ្ជៈទឹកក្រូចទាំង៣រសជាតិ១០០០កេស និងត្រជាក់ប៉ូវកម្លាំង Wurks ៥០០កេស៕