ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកជំទាវ
ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងលោកជំទាវ ប៊ូ អ៊ា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតប៊ែលធី គ្រុប និងក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក អ៊ុំ ឡុង គណៈកម្មការបុណ្យ និងជាចៅសង្កាត់ស្ពានថ្ម បានធ្វើរបាយការណ៍អំពីស្ថានភាព និងសុខទុក្ខរបស់ ពលរដ្ឋ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ ព្រមទាំងក្រុមការងារចុះជួយសង្កាត់ស្ពានថ្មទាំងថ្នាក់សង្កាត់ ថ្នាក់ភូមិ និងក្រុមគ្រូពេទ្យ ដែលតែងតែនៅជាប់ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្តបន្ទាប់មកចែកជូនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងសង្កាត់ស្ពានថ្ម។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត លី ឆេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ការយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈរបស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងព្រឹទ្ធសភា រដ្ឋសភា និងប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ក្នុងនោះរួមមាន៖ អំណោយដ៏ឧត្តមថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលបានផ្តល់ជូនតាមរយៈ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលរាជធានី ភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះ, វត្តមានដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចុះមកសួរសុខទុក្ខ ដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌មកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងខណ្ឌដង្កោ ព្រមទាំងវត្តមានរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានចុះសួរសុខទុក្ខ និងនាំអំណោយមកចែកជូនប្រជាពលរដ្ឋជាង ៦០០គ្រួសារ និង ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានយកចិត្តទុកដាក់ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋរងគ្រោះ ចំនួន ៣០០គ្រួសារ ព្រមទាំងក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលបានចុះពិនិត្យព្យាបាល និងចែកថ្នាំជូនប្រជាពលរដ្ឋរងគ្រោះតាមខ្នងផ្ទះ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏មិនភ្លេចថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងអាជ្ញាធរមូលដ្ឋានគ្រប់ស្ថាប័នដែលជួយសង្គ្រោះ និងផ្តល់ជាកម្លាំងកាយចិត្តដល់ ប្រជាពលរដ្ឋរងគ្រោះនាពេលដ៏លំបាកនេះ។
ឋិតក្នុងឱកាសដ៏ជ្រះថ្លានោះដែរ ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានប្រគេនបច្ច័យសរុបចំនួន ១០៧,២៨០,០០០៛ (មួយរយប្រាំពីរលាន ពីររយប៉ែតសិបពាន់រៀល) ដែលប្រមូលបានតាមរយៈបុណ្យអង្គកឋិនទានសាមគ្គីដល់ព្រះសង្ឃគង់នៅវត្តចំការខ្សាច់ ដើម្បីទុកប្រើប្រាស់ និងកសាងសមិទ្ធិផលនានាតាមពុទ្ធានុញ្ញាត៕