កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ៧៣នាក់ ចូលរួមបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសស៊ូដង់ខាងត្បូង

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ កងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ត្រូវចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ជំនួសកងរាជអាវុធហត្ថលេខ៨៦១ ដែលត្រូវបញ្ចប់បេសកកម្ម ហើយនឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ ពិធីជូនដំណើរនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា កងទ័ពមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រាម ទទួលបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង UN ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានក្រឿនរំឮកដល់នាយទាហានទាំងអស់ ដែលចេញទៅបំពេញបេសកកម្ម និងកំពុងបំពេញបេសកកម្មមនុស្សធម៌ នៅក្រៅប្រទេសទាំងអស់ សូមថែទាំងសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រីអង្គការសហប្រជាជាតិ នៅក្នុងតំបន់បំពេញបេសកកម្មរបស់ខ្លួន និងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងការពារជាតិ ពីវិធានការការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។

ឆ្លៀតពីនេះទៀត នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានណែនាំដល់កងរាជអាវុធហត្ថដែលត្រូវចេញទៅ​បំពេញបេសកម្មនៅក្រៅប្រទេសទាំងអស់ត្រូវថែរក្សាប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យបានល្អដើម្បីលើកតម្កើនកិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសត្រូវចេះស្រឡាញ់ យកអាសារគ្នាដូចបងប្អូនបង្កើត នៅគ្រប់កាលៈទេសៈនានា។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥,០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

បន្ថែមពីនេះកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា១រូប បានបាត់បង់ជីវិត បន្ទាប់ពីឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលី។ ទាហានដែលបានទទួលមរណភាពនេះ គឺលោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner