កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ៧៣នាក់ ចូលរួមបំពេញបេសកកម្ម នៅប្រទេសស៊ូដង់ខាងត្បូង។

បើទោះបីជាពិភពលោកកំពុងតែជួបវិបត្តិរាតត្បាតដោយសារតែជំងឺកូវីដ-១៩ ក៏កម្ពុជានៅតែមិនរារែកចំពោះ​ការបញ្ជូនកង​កម្លាំង​មួកខៀវរបស់ខ្លួន ដើម្បីចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិឡើយ។

សូមជម្រាបថាកាលពី យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវ របស់កងរាជអាវុធហត្ថលេខ​១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ត្រូវចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ដើម្បីជំនួស​កងរាជអាវុធហត្ថលេខ៨៦១ ដែលត្រូវបញ្ចប់បេសកកម្ម ហើយនឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

ពិធីជូនដំណើរនោះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកង​ទ័ពមួកខៀវ​មួយចំនួន នៅព្រលានយន្តហោះ VIP។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា កងទ័ពមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្មមនុស្សធម៌​ក្រោម​ឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រាម ទទួលបានយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង UN ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នូវបានក្រើនរំឮកដល់នាយទាហានទាំងអស់ ដែលចេញទៅបំពេញបេសកកម្ម និងកំពុង​បំពេញបេសកកម្មមនុស្សធម៌ នៅក្រៅប្រទេសទាំងអស់ សូមថែទាំងសុខភាព អនុវត្តតាមការណែនាំរបស់​ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រីអង្គការសហប្រជាជាតិ នៅក្នុងតំបន់បំពេញបេសកកម្មរបស់ខ្លួន និងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងការពារជាតិ ពីវិធានការការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥,០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២០០នាក់ ទៅ​ចូល​រួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រ​របស់​អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner