ប្រាសាទ​ព្រះឥន្ទកោសីយ៍មានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទបក្សីចាំក្រុង​ដែរ…!!

ធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាប ពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ មានស្ពានឈើមួយ (បច្ចុប្បន្នកំពុងសាងសង់ជាស្ពានបេតុង) ឆ្លងទៅដល់មុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។ ប្រាសាទព្រះឥន្ទកោសីយ៍ គឺជាប្រាសាទតូចមួយស្ថិតខាងកើតព្រះវិហារវត្ត។ ឈ្មោះប្រាសាទនេះជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ «កោសិយ» នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតមានន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែឈ្មោះដែលមានជាផ្លូវការសរសេរនៅលើឃ្លោងទ្វារវត្ត និងសាលាបឋមសិក្សាគឺ «ព្រះឥន្ទកោសីយ៍» ។

ប្រាសាទព្រះឥន្ទកោសីយ៍ សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ប្រាង្គតូច ស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេព នៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអរបេះធ្លាក់ស្ទើរអស់មើលរូបមិនយល់ ។ នៅក្នុងប្រាង្គធំនេះ ពុំមានតម្កល់ទេវរូបអ្វីទេខុសពីប្រាង្គតូច ដែលមានតម្កល់ព្រះពុទ្ធរូប ជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ ព្រោះថាជាទូទៅនៅប្រាសាទដទៃទៀត គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅប្រាង្គធំ ។

ប្រាសាទព្រះឥន្ទកោសីយ៍ ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ (គ.ស៩០០‑៩២២) ក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទទាំងបីនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញ នៅក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស៩៤៤‑៩៦៨) និងព្រះរាជបុត្រព្រះអង្គព្រះបាទជ័យវរ្ម័នទី៥ (គ.ស៩៦៨‑១០០១) ពីព្រោះគេបានរកឃើញសិលាចារឹកនិយាយអំពីមហាក្សត្រទាំងពីរអង្គនេះ ។

ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ជាព្រះមហាក្សត្រខ្មែរមួយអង្គដ៏ធំខ្លាំងពូកែក្នុងប្រវត្តិសាស្ត្រខ្មែរ។ តែខ្មែរជំនាន់ក្រោយភាគច្រើនណាស់ ដែលមិនបានស្គាល់អំពីស្នាដៃ ទេពកោសល្យ និងប្រវត្តិតស៊ូអង់អាចធ្វើពលិកម្មជូនជាតិរបស់ព្រះអង្គ ។ សិលាចារឹកព្រះឥន្ទកោសីយ៍ បានលើកសរសើរព្រះបាទរាជេន្ទ្រវរ្ម័នថាជា «ទីគោរពបូជា នៃព្រះរាជាទាំងឡាយ ទ្រង់ជាស្ដេចអបរាជ័យ និងតែងតែមានជ័យជម្នះជានិច្ច លើខ្មាំងសត្រូវ ។ ទ្រង់ប្រៀបបានទៅនឹងរតនវត្ថុនៅលើកំពូលមកុដ នៃព្រះរាជាទាំងអស់នៅលើផែនដីនេះ ។ ជ័យជម្នះរបស់ព្រះអង្គល្បីរន្ទឺទៅគ្រប់ទិសទី» ។ អ្នកប្រវត្តិវិទូបារាំង អេទីជែន អាយម៉ូនីញេ (Etienne Aymonier) ដែលជាអ្នកឯកទេសបានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរយល់ និងមានជំនឿថាព្រះបាទរាជេន្ទ្រវរ្ម័នទី២ ជាព្រះបាទបក្សីចាំក្រុងព្រះមហាក្សត្រខ្មែរទី១៩ ក្នុងពង្សាវតារខ្មែរភាគរឿងព្រេងនិទាន ។

ព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺព្រះរាជបុត្ររបស់ព្រះអង្គព្រះបាទជ័យវរ្ម័នទី៥ ដែលជាព្រះរាជាកែទម្រង់ឬប្រត្យាស្ថាបនិក និងជាព្រះរាជាពូកែខាងធ្វើសង្គ្រាមតែមានអធ្យាស្រ័យល្អ ។ សិលាចារឹកព្រះឥន្ទ្រកោសីយ៍ បានដំណាលថា «ព្រះអង្គបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អ ក្នុងវណ្ណៈ ប្រៀបបីដូចជារៀបចំឡើងដោយព្រះព្រហ្មផ្ទាល់ ។ ព្រះអង្គប្រកបទៅដោយទេពកោសល្យ និងមានព្រះហត្ថាកាន់កងចក្រ ។ នៅពេលទ្រង់ចេញដំណើរម្ដងៗសន្ធឹកជើងកងទ័ពរបស់ព្រះអង្គធ្វើឱ្យកក្រើកផែនដី និងព្រៃភ្នំទាំងឡាយប្រៀបបាននឹងមហាសាគរដែលត្រូវរញ្ជួយដោយព្យុះខ្យល់» ដូច្នោះដែរ ។

ពេលនោះ «សន្ធឹកស្គរលាយឡំជាមួយសំឡេងកងរំពងរបស់គងឃ្មោះ ធ្វើអំពីស្ពាន់ និងត្រែខ្លុយស័ង្ខ…ធ្វើឱ្យពួកសត្រូវភ័យបាក់បបខ្លបខ្លាចជាខ្លាំង» ។ សិលាចារឹកក៏បានលើកពីព្រះអង្គដែរថាទ្រង់បានដុតបំផ្លាញប្រទេសទាំងឡាយណា ដែលព្រះអង្គធ្វើសង្គ្រាមជាមួយដោយនិយាយថា «អណ្ដាតភ្លើង នៃការបូជាដែលកើតឡើងពីប្រតិបត្ដិការរបស់ព្រះអង្គ បង្កបានជាផ្សែងធំវែងប្រៀបបាននឹងទង់ជ័យចម្បាំង ធ្វើឱ្យសត្រូវភ័យខ្លាចហើយរត់គេចចេញបាត់អស់ បើទោះជាអង់អាចយ៉ាងណាក៏ដោយ» ។ ព្រះអង្គគួរឱ្យខ្លាចខ្លាំងណាស់ នៅពេលដែលទ្រង់ខ្ញាល់ «កាលណាព្រះអង្គគ្រហឹមដូចរាជសីហ៍ ពេលមានកំហឹងព្រះរាជាជាសត្រូវទាំងឡាយរត់គេចចូលព្រៃជ្រៅប្រៀបបាននឹងសត្វឈ្លូសដ៏កំសាក ។ នៅពេលដែលព្រះអង្គលើកដាវដ៏មុតថ្លាប្រឡាក់ទៅដោយឈាម ដែលហូរចេញពីសិរសាស ត្រូវគេឃើញព្រះអង្គដូចជាព្រះនាងជ័យជម្នះដ៏ស្រស់ស្អាតដែលមានព្រះហស្ដ និងព្រះបាទក្រហមទៅដោយលម្អងផ្កា» ។

សិលាចារឹកដដែល បាននិយាយថែមទៀតថា «ព្រះហស្ដព្រះអង្គ ដែលប្រៀបបាននឹងស្ពានយុត្ដិធម៌ឆ្លងកាត់មហាសាគរដ៏ស្មោកគ្រោក នៃសតវត្សរ៍…មានរាងសង្ហាស្រស់ប្រិមប្រិយស្អាតលើសពីព្រះនាងកាមទេព ហើយធ្វើឱ្យពិភពលោកនេះមានពន្លឺប្រៀបបីដូចព្រះចន្ទកំពុងរះ» ។

នៅក្នុងបរិវេណវត្តព្រះឥន្ទកោសីយ៍ប៉ែកខាងត្បូង មានសាលាបឋមសិក្សាមួយឈ្មោះថាព្រះឥន្ទកោសីយ៍ដែរ។ បើពិនិត្យមើលទៅសាលាមួយនេះបានទទួលអំណោយជាអាគារច្រើនពីសប្បុរសជននានានិងមានការរៀបចំសួនច្បារបានល្អប្រសើរ ៕

ប្រភពមកពី eangsophalleth

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner