អាជ្ញាធរខេត្តស្ទឹងត្រែង បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែនជូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅក្នុងស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភប្រជាពលរដ្ឋ ៤០២គ្រួសារ ស្ថិតនៅក្នុងឃុំ ២ គឺឃុំចំការលើ និងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០នេះ។
លោក ម៉ុម សារឿន បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកផ្តល់ជូន បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេស ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រីក្រ ដែលកំពុងជួបប្រទះការលំបាក ហើយអំណោយទាំងនេះ ត្រូវបានចែកជូនដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬពណ៌សម្បុរ នោះឡើយ។
លោកអភិបាលខេត្ត បានបន្តថា នៅក្នុងរដូវរងគ្រោះដោយទឹកជំនន់កន្លងមកនេះ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ទទួលបានថវិកា ៥ពាន់ដុល្លារ ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់យកមកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងខេត្តស្ទឹងត្រែង ។ លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ក្រោយទឹកបានស្រកចុះអស់វិញនោះ ត្រូវខិតខំស្តារជីវភាពគ្រួសារឡើងវិញ តាមរយៈការបង្កបង្កើនផល ដាំដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីចូលរួមចំណែក កាត់បន្ថយភាពក្រីក្រជាមួយ រាជរដ្ឋាភិបាល។
នៅខណៈនោះ លោកអភិបាលខេត្ត ,លោកប្រធានក្រុមប្រឹក្សាខេត្ត បានចែកអំណោយជូនប្រជាពលរដ្ឋទាំង ៤០២គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ និង ទឹកសុទ្ធ ១កេស ផងដែរ ៕ ដោយ៖ឡុង សំបូរ