សាកសពស្រ្តីម្នាក់ដែល ឃាតកកាប់ចិញ្ច្រាំសុះផ្ទៃមុខស្លាប់ខាងជើងក្រុងសិរីសោភ័ណត្រូវបានគេស្គាល់អត្តសញ្ញាណហើយ

ករណីឃាតកម្មមួយបានកើតឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលគេបានប្រទះឃើញសាកសព នៅក្នុងទឹកវាលស្រែ ចំណុចខាងត្បូងស្ពានភ្នំតុប  ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ ស៊ី ឌី បានអោយដឹងថាគិតមកទល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណ ស្ត្រីរងគ្រោះដែលរងអំពើឃាតកម្មដ៏ព្រៃផ្សៃកាប់ចិញ្ច្រាំសុះផ្ទៃមុខ ដែលគេប្រទះឃើញ សាកសពស្ត្រីរងគ្រោះនោះមាន ឈ្មោះ ទិត្យ ស្រីសួង អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះ​ញែក ខេត្តមណ្ឌលគីរី ដែលបានមកធ្វើការនៅកន្លែងផលិតទឹកសុទ្ធមួយកន្លែងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ លោកបានបន្តថា យោងតាមម្តាយ និងសាច់ញាតិ គឺជនរងគ្រោះបានចំណាកស្រុកមករស់នៅ និងធ្វើការនៅក្រុងសិរី​សោភ័​ណ​ច្រើនឆ្នាំមកហើយ ក្នុងនោះនាររងគ្រោះធ្លាប់បានធ្វើការនៅរោងចក្រកាត់ដេរ តែមានបញ្ហាលួចរបស់គេ ក៏ត្រូវដេញចេញ ហើយបានទៅធ្វើការនៅកន្លែងផលិតទឹកសុទ្ធនេះ។

ម្តាយរបស់ស្ត្រីរងគ្រោះបន្តថា នៅកន្លែងធ្វើការ នាងមានទំនាក់ទំនាក់ស្នេហា និងរស់នៅដូចប្តីប្រពន្ធជាមួយបុរសពោះ​ម៉ាយ​ម្នាក់ ដែលជាកម្មករធ្វើការជាមួយគ្នា ប៉ុន្តែគូស្នេហ៍ដែលយកប្តី ប្រពន្ធចិត្តឯងនេះ រស់នៅមិនចុះសម្រុងនឹងគ្នានោះឡើយ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះមានពលរដ្ឋម្នាក់ឈ្មោះ អាង សួ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិក្បាល​ស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែនៅចំណុចខាងលើ។ ពេលនោះឃើញមែកឈើ​សង្កត់​ដើមស្រូវ ក៏យកដៃទៅចាប់ទាញ ស្រាប់តែឃើញដៃសពជនរងគ្រោះផុសចេញមក ហើយក៏រត់ទៅរាយការណ៍ប្រាប់​សមត្ថកិច្ច ទៅពិនិត្យមើល។

កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ បានធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យយ៉ាងយកចិត្តទុកដាក់ នៅលើខ្លួន​សព​មាន​ស្នាមចាក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុងដង្ហើម១កន្លែង ដើមកខាងស្តាំ១កន្លែង និងស្នាមឆូតលើផ្ទៃជាច្រើនកន្លែង។

សាកសពពាក់អាវយឺតពណ៌ក្រហមដៃវែង ខោពណ៌ជើងវែងកីឡា។ ក្នុងនោះ សមត្ថកិច្ចនៅកន្លែងកើតហេតុ បានរកឃើញ​វ៉ែនតា​នៅជាប់នឹងខ្លួន១ និងកូនកាំបិតចុងស្រួច។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចករណីនេះ គឺជាករណីឃាតកម្មគិតទុកជាមុន តែនៅមិនទាន់ដឹងថាជាករណីគុំនំ ប្លន់យក​ទ្រព្យ​សម្បតិ្ត ឬជាករណីស្នេហាត្រីកោណនោះឡើយ។ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខឃាតក យកមកផ្ដន្ទាទោសទៅតាមច្បាប់៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner