ប៊ុនកេន្នីបន្តគ្រងកំណត់ត្រាលេខ១ក្នុងក្រុមA ខណៈចាន់ វាសនា គ្រងជើងឯកក្រុមB នៃការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់SEARA OPEN
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ពានរង្វាន់SEARA OPEN ដែលចែកចេញជា២កម្រិត គឺកម្រិតអេ និងកម្រិតប៊ីដំណើរការប្រកួតរយៈពេល២ថ្ងៃនៅទីលានកីឡាវាយកូនបាល់ស៊ីស៊ីខេមបូឌាខនទ្រីក្លិប និង ទីលានកីឡាវាយកូនបាល់ក្នុងពហុកីឡាដ្ឋានជាតិបានបញ្ចប់ ខែ ទី១ហើយ ដោយកម្រិតអេ កីឡាករជម្រើសជាតិឈុតធំ ប៊ុន កេន្នីនៅតែបន្តរក្សាតំណែង ជើងឯក ដោយយកឈ្នះ កីឡាករជម្រើសជាតិឈុតធំ ឡុង សំនៀង ខណៈ កម្រិតប៊ីកីឡាករ ចាន់ វាសនា ជាអ្នកគ្រងជើងឯកក្រោយយកឈ្នះ ញ៉ែម សុភ័ក្រា្ត ២សិតទល់០។
លោក ឧកញ៉ា ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ SEARA OPEN ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនលក់សម្ភារៈហាត់ប្រាណ SEARAប្រចាំកម្ពុជា សម្រាប់ ខែ ដំបូងនេះ យើងបានរៀបចំបែងចែកជា២កម្រិត គឺ កម្រិតអេសម្រាប់កីឡាករឆ្នើមៗដែលជាជម្រើសជាតិថ្នាល និងជម្រើសជាតិឈុតធំ រីឯកម្រិតប៊ី សម្រាប់កីឡាករថ្នាលរបស់សហព័ន្ធ និងថ្នាលមកពីបណ្តាខេត្តបូកបញ្ចូលកីឡាករជើងចាស់ក្រៅអាជីពដែលស្នេហាវិស័យកីឡាវាយកូនបាល់។ លោក ឧកញ៉ា ពន្យល់ថា ការប្រកួតទាំងពីរកម្រិតនេះ យើងរៀបចំឡើង ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពកីឡាករជម្រើសជាតិឈុតធំ និងជម្រើសជាតិថ្នាលរបស់សហព័ន្ធ និងផ្តល់ឱកាសឲ្យយុវជនថ្នាលមកពីបណ្តាខេត្តបានបញ្ចេញនូវសមត្ថភាព ពិសេស ចូលរួមបំផុសឲ្យវិស័យកីឡាវាយកូនបាល់កាន់តែមានសាលភាពនៅកម្ពុជា។
កីឡាករជើងចាស់ក្រៅអាជីព ចាន់ វាសនា បន្ទាប់ពីក្រសោបបានតំណែងជើងឯកការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ SEARA OPEN កម្រិតប៊ី បានបង្ហាញអារម្មណ៍ថា ការឈ្នះជើងឯកលើកនេះវាពិតជាលំបាកសម្រាប់លោកព្រោះយុវជនថ្នាលមានកម្លាំងខ្លាំង។ ហើយលោក សង្ឈឹមជឿជាក់ថា ការចូលរួមចែករំលែកបទពិសោធន៍ពីសហគមក្រៅអាជីរបស់ពួកលោក និងជួយឲ្យយុវជនថ្នាលទទួលបានបទពិសោធន៍ក្លាយជាទន់សម្រាប់ក្នុងការពង្រឹមសត្ថភាពសម្រាប់ពេលអនាគត។
ឆ្លងកាត់ការប្រកួតប្រជែងរយៈពេល២ថ្ងៃ កម្រិតអេ ចំណាត់លេខ១ប៊ុន កេន្នី និងចំណាត់លេខ២បានទៅលើ កីឡាករ ឡុង សំនៀង។ ដោយឡែកកម្រិតប៊ី ប្រកួតវិញ្ញាសាឯកក្តជនចំណាត់លេខ១ ចាន់ វាសនា ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ ញ៉ែម សុភ័ក្រា្តមកពីខេត្តសៀមរាប។ សម្រាប់វិញ្ញាសាប្រកួតវាយគូរ កម្រិតប៊ី ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ ចាន់ វាសនាចាប់ដៃជាមួយកីឡាករ លី ហួត និងចំណាត់លេខ២បានទៅលើកីឡាករ ឡាច ប្រាថ្នាចាប់ដៃជាមួយកីឡាករ ថាច មាន៕