ភ្នំសំពៅ ! មានអ្វីពិសេសបានជាភ្ញៀវទេសចរទៅទស្សនាមិនចេះដាច់?
ភ្នំសំពៅ៖គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រមួយដ៏មានប្រជាប្រិយភាពបំផុត ដែលស្ថិតនៅក្នុងទឹកដីភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ មានកម្ពស់១៤០ម៉ែត្រ និងកាំជណ្តើរសរុបចំនួន៨០០កាំ ដោយប៉ែកខាងក្រោយភ្នំក៏មាន ជណ្តើរឡើងមួយផ្សេងទៀតផងដែរ ។
ផ្ទាំងទស្សនីយភាពនៃហ្វូងសត្វប្រចៀវហើរចេញពីល្អាងជើងភ្នំ សំពៅនេះដែរត្រូវបានលោក មន្ទីរទេសចរណ៍ខេត្តបាត់ដំបងនិយាយប្រាប់ឲ្យដឹងទៀតថា ពួកវាបាន ហើរសម្រុកចេញពីទីជម្រកនៃល្អាងភ្នំងងឹតឈឹង ដែលមានសត្វប្រចៀវរាប់លានក្បាលបានហើរចេញមក ធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានហៅហ្វូងប្រចៀវទាំងនោះ ដែលហាក់ដូចជា «កងទ័ពប្រចៀវដ៏ក្លាហាន» ។ ការគយគន់ហ្វូងសត្វប្រចៀវនេះដែរ គឺភ្ញៀវទេសចរអាចប្រើពេលប្រមាណជាជិតមួយម៉ោងឯ ។ ដូច្នេះប្រសិនបើលោកអ្នកបានដល់ទឹកដីខេត្តបាត់ដំបងហើយនោះ សូមកុំភ្លេចទៅទស្សនាហ្វូងសត្វប្រចៀវទាំងនេះកុំបីខាន ។
គេឃើញមិនចេះដាច់ ពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនៅពេលបានធ្វើដំណើរទៅដល់ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រភ្នំសំពៅនេះ ហើយនោះ បន្ទាប់ពីបានដើរទស្សនានូវទិដ្ឋភាពនានា រួមទាំងការគយគន់សម្រស់ទេសភាពដ៏ត្រកាល នៅលើកំពូលភ្នំយ៉ាងរីករាយ ពោលគឺពួកគាត់មិនបានភ្លេចឡើយនៅការរង់ចាំផ្តិតយក រូបភាព និងទស្សនាហ្វូងសត្វប្រចៀវដែលហើរចេញនាពេលល្ងាចប្រកបដោយការ ជក់ចិត្តក្រៃលែង ។
នេះពិតជាចំណីចក្ខុមួយ យ៉ាងកម្រ និងអស្ចារ្យណាស់សម្រាប់ក្រសែ ភ្នែកអ្នកទេសចរដោយបានជ្រើសរើសយកដំណើរទស្សនាចរណ៍មកកាន់ទឹកដីភ្នំប្រវត្តិសាស្ត្រ «ភ្នំសំពៅ» ដែលអាចនិយាយបានថាការមកលេងកម្សាន្តទីនេះ មិនត្រឹមតែលោកអ្នកបានប្រទះនូវហ្វូងសត្វប្រចៀវរាប់លានក្បាល ហើរចេញរកចំណីនាពេលល្ងាចប៉ុណ្ណោះទេ គឺយើងទាំងអស់ គ្នានឹងបានបណ្តែតអារម្មណ៍ពោរពេញទៅដោយអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោក ម៉ក់ ស៊ីណារ៉ា បាននិយាយឲ្យដឹងថា បន្ទាប់ពីលោកអ្នកបានដើរទស្សនាលើកំពូលភ្នំមានដូចជាព្រះវិហារដំបូល ១០០ អាស្រម រូបសំណាក និងល្អាងជាច្រើនរួមមានល្អាងផ្កាស្លា ល្អាងល្ខោន និង ល្អាងអសុភ និងបានស្វែងយល់ពីព្រេងនិទានដ៏មានប្រជាប្រិយភាពរបស់ប្រជាពលរដ្ឋខ្មែរដែលនិយាយរៀបរាប់ប្រាប់ពី ចាស់ៗនៅសុំសីលលើភ្នំព្រមទាំងគយគន់ទេសភាពជុំវិញភ្នំ គេឃើញមានភ្នំមួយចំនួននៅក្បែរៗនោះមាន ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំក្តោង ភ្នំរំសាយសក់ ភ្នំបន្ទាយនាង ។ល។ ដែលសុទ្ធសឹងជាភ្នំ មានជាប់ទាក់ទងនឹងព្រេងនិទានខ្មែរគឺ រឿងព្រះចៅរាជកុល និងនាងរំសាយសក់ ។ ក្រោយពីចំណាយពេលពេញមួយថ្ងៃលុះនៅពេលល្ងាចចូលមកដល់គេសង្កេតឃើញថា ក្រុមអ្នកទេសចរដែលបានមកលេងនៅភ្នំសំពៅ ពួកគាត់បានចុះមកជើងភ្នំរង់ចាំ ទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាល ដែលហើរចេញពីល្អាងភ្នំក្នុងសភាពមីដេរដាសពេញផ្ទៃមេឃ ។
ភ្នំសំពៅមិនត្រឹមតែជាកន្លែងកម្សាន្តមួយប្រកបដោយខ្យល់អាកាសត្រជាក់បរិសុទ្ធសម្រាប់បំពេដួងចិត្តអ្នកទេសចរប៉ុណ្ណោះទេ ពោលគឺនៅទីនេះដែរត្រូវបានលោក ម៉ក់ ស៊ីណារ៉ា បន្ថែមឲ្យដឹងទៀតថា ភ្នំសំពៅក៏នៅមានបង្កប់កម្រងអនុស្សាវរីយ៍ជាមួយនឹងបទចម្រៀងពីសម័យអតីតកាលរួមទាំងប្រវត្តិផ្សេងៗផងដែរ ។ សម្រាប់ដំណើរកម្សាន្តរបស់អ្នកទេសចរមកកាន់ភ្នំសំពៅនេះទៀតសោតនឹងទទួលបាននូវចំណីចក្ខុប្លែកៗយ៉ាងសម្បូរបែប ដើម្បីជម្រុះចោលរាល់ភាពមួហ្មង ជាពិសេសការទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាលដែលគេប្រសិទ្ធនាមថា «កងទ័ពប្រចៀវ» ដោយពួកវានឹងហោះហើរចេញជូនភ្ញៀវទេសចរគយគន់ចាប់ពីម៉ោង៥ល្ងាចនៅ ជើងភ្នំសំពៅលើទឹកដីបាត់ដំបង។
ប្រភពមកពី eangsophalleth