ពិធីបិទសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២
ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៦រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួង ស្ថាប័ននានា អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី ស្នងការនគរបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា រដ្ឋបាល ក្រុង-ស្រុក មានតួនាទី និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា «ដើម្បីពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានប្រកបដោយគុណភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន រដ្ឋបាល ក្រុង-ស្រុក ចាំចាច់ត្រូវមានតួនាទី និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាធារណៈដោយផ្ទាល់ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្ដ្រីជំនាញបច្ចេកទេសភាគច្រើន នឹងត្រូវផ្ទេរពីក្រសួង ស្ថាប័ននានានៅថ្នាក់ជាតិ ដើម្បីដាក់ពង្រាយឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ»។
សម្ដេចក្រឡាហោមបន្ដថា ការកែលំអឡើងវិញនូវចំណុចខ្វះខាតទាំងឡាយ សំដៅធានាដល់ការលើកទឹកចិត្តមន្ដ្រីសាធារណៈ ឲ្យស្ម័គ្រចិត្តទៅបំពេញការងារនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការផ្ដល់ថវិកាបន្ថែមពីលើប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ព្រមទាំង ការដំឡើងកម្រិតថ្នាក់ និងឋានន្ដរស័ក្តិ ក្នុងមុខតំណែងនានា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យស្របទៅនឹងទំហំការងារ និងបង្កលក្ខណៈឲ្យមាន ភាពងាយស្រួលក្នុងការផ្ទេរមន្ដ្រីដែលមានសមត្ថភាពតាមវិស័យជំនាញ ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ជាពិសេស ត្រូវផ្ដល់ឱកាសដល់មន្ដ្រី ក្នុងការអភិវឌ្ឍសមត្ថភាពរៀងៗខ្លួន តាមមុខជំនាញនៅក្នុងវគ្គបណ្ដុះបណ្ដាលដែលជាកាតព្វកិច្ចក្នុងការអភិវឌ្ឍធនធានមនុស្ស។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមថា រាជរដ្ឋាភិបាល នឹងគិតគូរពិចារណាអំពីការប្រគល់នូវមូលដ្ឋានពន្ធ និងមិនមែនសារពើពន្ធបន្ថែមទៀតទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងការប្រកួតប្រជែងក្នុងការប្រមូលចំណូលទាំងក្នុងក្របខ័ណ្ឌជាចំណូលពីមូលដ្ឋានរបស់ខ្លួន និងសំដៅកាត់បន្ថយនូវការពឹងផ្អែកទាំងស្រុកតែទៅលើការបែងចែកថវិកាពីថ្នាក់ជាតិ៕