អគ្គលេខាធិការសហព័ន្ធទូកកានូ បាននាំយក ច្រវ៉ាទូកកម្រិតស្តង់ដាអន្តរជាតិ ដែលជាអំណោយ សម្តេចក្រឡាហោម ជូនអត្តពលិកជម្រើសជាតិ សម្រាប់ហ្វឹកហាត់

ឯ ឧ ឧត្តមសេនីយ៍ឯក ជា ប៊ុន ហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាននាំយកច្រវ៉ាទូកចំនួន៣០ ប្រគល់ជូនអត្តពលិកកីឡាករ កីឡាការិនីជម្រើសជាតិទូក នាកន្លែងហ្វឹកហាត់ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។


ឯ ឧ ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង មានប្រសាសន៍លើកឡើងថា ច្រវ៉ាទូកនេះជាច្រវ៉ាកម្រិតស្តង់ដាអន្តរជាតិដែលមានគុណភាពខ្ពស់ដែលទទួលបានការឧបត្ថម្ភទាំងស្រុងពីសម្តេច ក្រឡា ហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ផ្តល់ជូនជម្រើសជាតិទូក សម្រាប់ប្រើប្រាស់ហ្វឹកហាត់ និងសម្រាប់ប្រើត្រៀមចូលរួមប្រកួតនានា ទាំងក្នុងស្រុក និងអន្តរជាតិ ។

ឯ ឧ អគ្គលេខាធិការសហព័ន្ធ បានរំលឹកថា កាលពីស៊ីហ្គេម នាប្រទេសហ្វីលីពីន អត្តពលិកទូកកម្ពុជាប្រជែង បានលេខ៤ ខិតជិតមេដាយសំរិទ្ធ ដែលជាការសោកស្តាយមួយដែលយើងមិនអាចនាំយកមេដាយមកជូនជាតិបាន ប៉ុន្តែបើស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម បើមានវិញ្ញាសាប្រណាំងទូកយើងជឿជាក់ថា អត្តពលិកយើងអាចប្រជែងដណ្តើមបានមេដាយជូនកម្ពុជា ជាក់ជាមិនខាន ដ្បិតឥឡូវយើងមានសម្ភារៈហ្វឹកហាត់គ្រប់គ្រាន់ ពិសេសការត្រៀមខ្លួនយ៉ាងល្អប្រសើរ លើការជម្រុញសកម្មភាពហ្វឹកហាត់ ដើម្បីបង្កើនបច្ចេកទេស និងសមត្ថភាពអត្តពលិកប្រកបដោយគុណភាព ។

ជាមួយគ្នានោះដែរ ឯ ឧ បានក្រើនរំលឹក ដល់អត្តពលិកជម្រើសជាតិទូកទាំងកីឡាករ កីឡាការិនី ត្រូវតែយកចិត្តទុកដាក់ហ្វឹកហាត់ត្រងត្រាប់ស្តាប់ការពន្យល់របស់គ្រូបង្វឹក ពិសេសគោរពវិន័យ និងក្រមសិល៍ធម៌ជាកីឡាករការិនី ដើម្បីក្លាយជាកីឡាករ កីឡាការិនីទូក ដែលមានសក្តានុពលសម្រាប់កម្ពុជាដណ្តើមនាំយកមេដាយពីលើឆាកអន្តរជាតិមកជូនមាតុភូមិ ។

ទន្ទឹមជាមួយគ្នានេះផងដែរ ឯ ឧ ប្រធានអង្គភាពកីឡានគបាលជាតិកម្ពុជា ក៍បានណែនាំឲ្យអត្តពលិក ក៍ដូចជាគ្រូបង្វឹកទាំងអស់ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើការបង្កា និងទប់ស្តាត់ការពារការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងបន្តឆ្លងរាលដាលនៅកម្ពុជា ដោយអត្តពលិកទូកទាំងអស់ត្រូវធ្វើអនាម័យ ពាក់ម៉ាសការពារខ្លួន បាញ់អាគុលសំអាតដៃជាប្រចាំ ហ្វឹកហាត់រក្សាកម្លាត ដើម្បីទប់ស្កាត់កុំឲ្យមានករណីឆ្លងចូលដល់ក្រុមកីឡាយើង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner