គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកម្មវិធី «កីឡាដើម្បីទាំងអស់គ្នា» ដើម្បីបញ្ជ្រាបនូវស្មារតីកីឡា ចំណេះដឹងចលនាអូឡាំពិកទៅដល់ ស្រទាប់មហាជននានា នៅខេត្តកំពង់ធំ
ក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីកីឡា ដើម្បី ទាំងអស់គ្នា (Sport For All) នៅខេត្តកំពង់ធំ ដើម្បី បញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក និងផ្តល់ឱកាសឲ្យយុវជនបានចូលរួមលេងកីឡា ក៏ដូចជាផ្សព្វ ផ្សាយដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ ។
លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លើកឡើងថា គោលបំណងនៃព្រឹត្តិការណ៍«កីឡាដើម្បីទាំងអស់គ្នា»នេះ គឺដើម្បី បណ្តុះនូវស្មារតីកីឡាជូនដល់មហាជនទូទៅ មិនថាពួកគាត់ជាកីឡាករ កីឡាការិនីអាជីព ឬការលេង កីឡាដើម្បីសុខភាពនោះទេ ពោលគឺបញ្ជ្រាបនូវស្មារតីកីឡា ចំណេះដឹងចលនាអូឡាំពិកទៅដល់ ស្រទាប់មហាជននានា ដោយមានការចូលរួមពីសិស្សានុសិស្ស ជាច្រើនមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យនានា ដែលបានជួបជុំគ្នាលេងកីឡា នៅក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យបណ្តុះវិជ្ជា ។
លោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគម្រោងនៃ NOCC បញ្ជាក់ដែរថា ដើម្បីចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩ជាមួយរាជរដ្ឋាភិបាល ការរៀបចំទិវាកីឡាដើម្បីទាំងអស់គ្នានេះ គឺក្រុមការងារ បានអនុវត្ត នូវវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត តាមរយៈការត្រួតពិនិត្យវាស់កម្តៅ ពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាព សម្រាប់អ្នកចូលរួមទាំងអស់គ្នាជាដើម ។ ចំពោះកីឡា ដើម្បី ទាំងអស់គ្នា ឆ្នាំ២០២០នេះ ផ្តោតសំខាន់ទៅលើយុទ្ធនាការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺ «ប្រជាជនម្នាក់លេងកីឡាមួយមុខ» ក៏ដូចជាបំផុសស្មារតីដល់ប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពកីឡា និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សចូលរួមទាំងអស់គ្នាឆ្ពោះទៅទទួលរៀបចំធ្វើ ជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីកម្សាន្តដល់សិស្សានុសិស្ស មានដូចជា លេងបាល់ទាត់ ១១ម៉ែត្រ, ចងជើងដើរប្រណាំងជាក្រុម, ឆ្លើយសំណួរពីគុណតម្លៃអូឡាំពិក និងផ្សព្វ ផ្សាយការទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣, លេងឆ្លងកាត់កងអូឡាំពិក, លំហាត់ ប្រាណបែបអាអេរ៉ូប៊ិក, រត់ប្រណាំងជុំវិញតារាងបាល់ទាត់, ប្រកួតបាល់ទាត់, ប្រកួតបាល់ទះ, ជិះកង់ កម្សាន្តជុំវិញភូមិផ្សព្វផ្សាយវិធានការការពារកូវីដ-១៩, បង្វិលកងរត់ជាក្រុម, ល្បែងអប់រំសាមគ្គីជាក្រុម និងសកម្មភាពសំអាតបរិស្ថានជុំវិញសាលារៀន ៕