ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បោះទុនវិនិយោគ១.១៨ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងសង្វាក់ផលិតកម្មរបស់ខ្លួននៅស្លូវ៉ាគី
អាល្លឺម៉ង់៖ ប្រធានក្រុមហ៊ុន Volkswagen Slovakia លោក Oliver Gruenberg បញ្ជាក់ថា Volkswagen គ្រោងបោះទុនវិនិយោគ១ពាន់លានអឺរ៉ូ ឬស្មើនឹង១.១៨ពាន់លានដុល្លារអាមេរិកលើរោងចក្ររបស់ខ្លួនក្នុងប្រទេសស្លូវ៉ាគី នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។
ជាមួយគ្នានេះ លោក Oliver Gruenberg បន្ថែមទៀតថា ទឹកប្រាក់វិនិយោគទាំងអស់ខាងលើនេះ ក្នុងនោះមាន៥០០លានអឺរ៉ូ សម្រាប់ផលិតរថយន្តម៉ូឌែល Passat និង Skoda Superb ជំនាន់ក្រោយ ។ បើតាមប្រធានបុគ្គលិកក្រុមហ៊ុន Volkswagen Slovakia លោក Sebastian Krapoth ការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មួយនេះ នឹងបង្កើតការងារប្រមាណ២ពាន់កន្លែងនៅឆ្នាំ២០២១ខាងមុខ ។
លោក Sebastian Krapoth បញ្ជាក់ទៀតថា រោងចក្ររបស់ Volkswagen ក្នុងប្រទេសស្លូវ៉ាគីនេះ ភាគច្រើនផលិតម៉ូដែលចុងក្រោយ ដូចជារថយន្ត Audi Q7 និងរថយន្ត Porsche Cayenne ដែលនឹងនាំចេញច្រើនជាង៩៩ភាគរយនៃផលិតផល ៕



