ក្រុមហ៊ុនសឹង្ហបុរីជាច្រើន នឹងមកស្វែករកឱកាសវិនិយោគវិស័យសំណង់នៅកម្ពុជា ក្រោយបញ្ចប់វិបត្តិកូវីដ 19

ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានបង្ហាញពីភាពកោតសរសើរចំពោះភាពរីកចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ដែលក្រោយពេលបញ្ចប់វិបត្តិនៃជំងឺកូវីដ19 ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍សឹង្ហបុរីជាច្រើននឹងចូលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា លោក Michael Tan Keng Siong នៅក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2020 បាន សម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំវិធានការត្រឹមត្រូវទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃជំងឺរាតត្បាតជាសាកល Covid-19។

លោកបានបញ្ជាក់ថា “មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ស្ថានទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជាមានមោទនភាពយ៉ាងខ្លាំងក្នុងការបំបេញបេសកកម្មនៅកម្ពុជា ដែលអាចទទួលបាននូវសុវត្ថិភាព និងសេរីភាពក្នុងការធ្វើដំណើរ និងប្រកបការងារប្រចាំថ្ងៃ ក្នុងខណៈពេលដែលប្រជាជនក្នុងបណ្តាប្រទេសជាច្រើនលើសាកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសាកល Covid-19 នេះ។ អ្វីដែលសំខាន់ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីជំងឺរាតត្បាតជាសាកល Covid-19 មានភាពធូរស្រាល ស្ថានទូតសឹង្ហបុរីជឿជាក់ថានឹងមានវិនិយោគគិនសឹង្ហបុរីជាច្រើនធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីពិនិត្យមើលឱកាសវិនិយោគពិសេសលើវិស័យសំណង់ លំនៅឋាន និងអចលនទ្រព្យ ។

រូបភាព ៖ កិច្ចជំនួបរវាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមសឹង្ហបុរី ដែលបានផ្តល់ជំនួយដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ កាលពីដើមខែតុលា ឆ្នាំ2020។

ជាមួយនេះដែរឯ.ឧបានបន្ថែមថាដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងស្ថាប័នទាំង 2 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់អាទិភាពទទួលយកក្រុមហ៊ុនសំណង់របស់សឹង្ហបុរី ដើម្បីក្លាយជាក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់នៅកម្ពុជា បន្ទាប់ពីអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ បានអនុម័តដោយគណៈរដ្ឋមន្ត្រីរួច។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងផ្តល់អាទិភាពសម្រាប់ក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់សឹង្ហបុរី និងជប៉ុន ដើម្បីធ្វើកិច្ចសន្យាជួលការិយាល័យនៅទីស្តីការថ្មីរបស់ក្រសួង ។
ក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯ.ឧឧបនាយករដ្ឋមន្រ្តីបានបង្ហាញពីការចូលរួមអបអរសាទរខួបលើកទី 55 នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង 2 កម្ពុជា សឹង្ហបុរី និងប្តេជ្ញាបន្តរឹតបន្តឹងចំណងមិត្តភាពជាមួយស្ថានទូតសឹង្ហបុរី អោយកាន់តែរឹងមាំថែមទៀត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner