រថយន្ត Prius បុកបង្កាន់ដៃស្ពាននៅព្រែកកំពឹស បណ្ដាលឲ្យផ្ទុះឆេះអស់ទាំងស្រុង
ភ្នំពេញ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿងបេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន រួចជ្រុលទៅបុកបង្កាន់ដៃស្ពានបាក់នៅព្រែកកំពឹស បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចលេីស្ពានបាក់ ទល់មុខស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ មានរថយន្តម៉ាក Toyota Prius មួយគ្រឿងមិនចាំស្លាកលេខ បេីកបរដោយបុរសម្នាក់ស្ថិតក្នុងអាការៈស្រវឹងស្រា ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ជាតិលេខ២ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចលេីស្ពានដែលជាកន្លែងកេីតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងតែម្តង។
ក្នុងទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរណ៍ខាងលេី ប្រជាពលរដ្ឋជាច្រេីនបាននាំគ្នាទៅជួយទាញតៃកុងចេញពីរថយន្តបង្ក ហេីយមួយសន្ទុះក្រោយមក រថយន្តបង្កក៏កេីតមានភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ទេីបរាយការណ៍ជូនទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ តែគួរឲ្យសោកស្ដាយ បំផុត រថយន្តខាងលេីត្រូវបានអគ្គិភ័យលេបត្របាក់សល់តែគ្រោងឆ្អឹង ទៅហេីយ បេីទោះបីជារថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកអស់១គ្រឿងក៏ដោយ ៕ ដោយ៖ ជីម ភារ៉ា