តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រកាសថ្កោលទោសសហរដ្ឋអាម៉េរិក ក្រោយប្រការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលិករបស់ខ្លួន

ហូឡង់៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានប្រកាសថ្កោលទោស បន្ទាប់ពីសហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលិករបស់ខ្លួន ដែលជាប់ពាក់ព័ន្ធនឹងដំណើរការស៊ើបអង្កេតរបស់ ICC ជុំវិញការសង្ស័យថា កងទ័ពអាម៉េរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់)ថា ការវាយប្រហាររបស់សហរដ្ឋអាម៉េរិក គឺជារឿងដែលមិនអាចទទួលយក ហើយក៏ជាការជ្រៀតជ្រែកទៅលើនីតិរដ្ឋ និងនីតិវិធីតុលាការ ។ ប្រតិកម្មរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ខាងលើនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងបុគ្គល ដែលជាប់ទាក់ទិននឹងដំណើរការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញការសង្ស័យថា កងទ័ពអាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន ។

ហើយតាមរយៈបទបញ្ជារបស់លោក ត្រាំ ខាងលើនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងពិភាក្សាជាមួយរដ្ឋមន្រ្តីរតនាគារជាតិ លោក ស្ទេវិន ម៉ានូឈីន ដើម្បីចាត់វិធានការរាំងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលិកតុលាការ ICC ដែលពាក់ព័ន្ធក្នុងដំណើរការស៊ើបអង្កេតនោះ នៅទឹកដីរបស់សហរដ្ឋអាម៉េរិក ក៏ដូចជាដាក់បម្រាមធ្វើដំណើរលើបុគ្គលទាំងនោះផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner