បន្ដចែកម៉ាសជូនអាជីវករនៅផ្សារដើមគរ និងអ្នកធ្វើដំណើរតាមដងផ្លូវ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ត្រូវបានផ្ដល់ជូនគណៈកម្មការផ្សារដើមគរ ដើម្បីចែកបន្ដជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារដើមគរ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍។
គណៈកម្មការផ្សារដើមគរ បានដឹកនាំក្រុមការងារចុះចែកជូនអាជីវករលក់ដូរនៅក្នុងផ្សារ និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនបានពាក់ម៉ាស។ គណៈកម្មការផ្សារដើមគរ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចេញម៉ាសជាលើកទី២ ចំនួន២លានម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ ១លានម៉ាស និងខេត្តសៀមរាប ១លានម៉ាស ខណៈលើកមុនសម្ដេចតេជោ បានបញ្ចេញចំនួន២លានម៉ាស ម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ។
