មន្រ្តី៖មានហ្វូស៊ីលជាច្រើនទៀតនៅក្បែរនឹងកំណាយ ហ្វូស៊ីលដើមឈើថ្មនៅខេត្តរតនគិរី

ដោយ៖ម៉ាដេប៉ូ

រតនគិរី៖ហ្វូស៊ីលដើមឈើថ្មមួយដើម ក្នុងតំបន់ធម្មជាតិដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី ដែលគេជីករកឃើញកាលពីកន្លងមកពេលនេះត្រូវបានក្រុមអ្នកជំនាញធ្វើការជីកបានប្រវែងជាង២០ម៉ែត្រនិងជម្រៅ២ម៉ែត្រហើយ។ដើមឈើថ្មដែលគេបានរកឃើញនេះមានទាំង ឫស បំណែកស្លឹក សំបកដែលវានៅរក្សាទ្រង់ទ្រាយបានល្អ បើទោះបីមានអាយុកាលរាប់សិបលានឆ្នាំហើយក្តី។

ជាមួយការរកឃើញនេះដែរក្រុមមន្រ្តីជំនាញបានថ្លែងថាបើតាមការសន្និដ្ឋានគឺនៅមានហ្វូស៊ីលដើមឈើជាច្រើន កន្លែងទៀតនៅក្បែរគ្នានេះ ។

          លោក លឹម វ៉ានចាន់ ប្រធានការិយាល័យបេតិភណ្ឌវប្បធម៌នៃនាយកដ្ឋានតំបន់បេតិភណ្ឌ របស់អគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ AMSតាមទូរស័ព្ទឱ្យដឹងនៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២០នេះថាហ្វូស៊ីលដើមឈើដ៏កម្រដែលគេបានជីកកកាយរកឃើញនេះ វានៅរក្សាទ្រង់ទ្រាយដើមស្ទើរតែទាំងស្រុង ។រណ្តៅកំណាយនេះ កាលពីឆ្នាំមុនគេគាស់កកាយបានប្រវែង ១៦ ម៉ែត្រ ប៉ុន្តែពេលនេះក្រុមការងារ គាស់កកាយបានប្រវែង២០ម៉ែត្រនិងជម្រៅ២ម៉ែត្របន្ថែមទៀត។

          លោកថា”ហ្វូស៊ីលនេះនឹងប្រើប្រយោជន៍សម្រាប់បម្រើវិស័យទេសចរណ៍និងពិសេសអាចនាំយកឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ពីកំណើតហ្វូស៊ីលនិង មូលហេតុអ្វីដើមឈើទើបបានក្លាយជាហ្វូស៊ីលបែបនេះ។ក្រៅពីនេះគេអាចបង្កើតជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ចូលកម្សាន្តនៅទីកន្លែងនេះដោយផ្ទាល់ផង”។

ជាមួយគ្នាលោកបានកត់សម្គាល់ដែរថាក្រុមការងារសង្ស័យថាអាចមានហ្វូស៊ីលដើមឈើផ្សេងទៀតនៅក្បែរកន្លែងដែលគេបានរកឃើញប៉ុន្តែគ្រាន់តែគេមិនទាន់បានជីកកកាយរកប៉ុណ្ណោះ។បច្ចុប្បន្នក្រុមការងារលោកកំពុងផ្តោតលើទីតាំងនេះសិន មុននឹងបន្តពិនិត្យកន្លែងផ្សេងៗទៀត ។

លោកលឹមវ៉ាន់ចាន់បានវាយតម្លៃជាជំហ៊ានដំបូងថាហ្វូស៊ីលនេះមានអាយុកាលប្រមាណមួយរយលានឆ្នាំមកហើយ។

លោកបានបន្ថែមទៀតថាសំណាកហ្វូស៊ីលដើមឈើត្រូវបានរកឃើញនៅទីតាំងជាច្រើនផ្សេងទៀតនៅក្នុងដែនជម្រកសត្វព្រៃដដែលនេះ។

លោកបានបញ្ជាក់ថា”បើគិតនៅបរិវេណទីតាំងហ្នឹងមានច្រើន នេះបើតាមគេត្រួតពិនិត្យមើលកន្លងមក។ក្នុងបរិវេណប្រមាណ១ទៅ២រយម៉ែត្រជុំវិញហ្នឹងមានប្រមាណ៣៥ដើមប៉ុន្តែទាំងអស់នេះគ្រាន់ជាស្នាមវាលេចចេញមកទេចំពោះក្នុងរណ្តៅកំណាយដែលយើងជីក៤ម៉ែត្រគុណម្ភៃម៉ែត្រហ្នឹងដើមឈើមានជាឬសតែម្តងចំនួន២ដើមនិងចំណែកដើមតូចៗហ្នឹងមាន២ទៅ៣ដើមទៀតអញ្ចឹងមានន័យថាក្នុងរណ្តៅយើងជីករកឃើញហ្នឹងមាន៤ទៅ៥ដើមបាត់ទៅហើយ។ហេតុនេះយើងទើបសន្និដ្ឋានថានៅជិតដីក្បែរគ្នានេះវាមានច្រើនទៀត”។

          ទាក់ទិនទៅនឹងការជីករុករកសំណាកហ្វូស៊ីលដើមឈើនេះ លោក លឹម វ៉ាន់ចាន់បានឱ្យដឹងបន្ថែមថាបើយើងចង់ជីករុករកទ្រង់ទ្រាយធំទៅថ្ងៃក្រោយគឺយើងត្រូវពឹងផ្អែកទៅលើបច្ចេកទេសច្រើនបន្ថែមទៀត។ពេលនេះយើងគ្រាន់ជីវរកដំណាក់កាលទី១សិន ហើយថ្ងៃខាងមុខយើងនឹងធ្វើការជីករុករកបន្ថែមទៀត។

          គួរបញ្ជាក់ថាបើតាម​ប្រធានមន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ ​លោក​ ​ផុន​ ​ខេមរិន​ ​ធ្លាប់បាន​ឲ្យដឹង​ថា​ ​ហ្វូ​ស៊ី​ល​ដើមឈើ​ក្លាយជា​ថ្ម​ ធ្លាប់បានឱ្យដឹងថា នៅតំបន់នេះ ក្រុមការងារកំពុងរៀបចំឱ្យទៅជាកន្លែងទេសចរណ៍ ដែលមានបោះតង់ ស្ទួចត្រីជាដើម៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner