អភិបាលរាជធានីភ្នំពេញបានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងសម្រាប់យកសំណាក អ្នកដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ភ្នំពេញ៖ ដើម្បីឱ្យដំណើរការនៃការរៀបចំនេះទីតាំងដែលត្រូវ ពិនិត្យយកសំណាកជាលើកទី២នៅទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកនាថ្ងៃទី០៨ខែធ្នូស្អែកនេះ ដំណើរការបានល្អ មានលក្ខណៈងាយស្រួល នាល្ងាចថ្ងៃទី០៧ធ្នូនេះ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះមកពិនិត្យទីតាំងនេះបន្ថែមទៀត ក្រោយពី បានរៀបចំដោយធ្វើរោងដាក់កៅអី បន្ទប់ដាក់គ្រឿងបរិក្ខារផ្សេងៗរួចហើយ។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំដល់កងកម្លាំង ដូចជាមន្ត្រី ថ្នាក់ដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលត្រូវមកបំពេញការងារជាមួយមន្ត្រីរបស់ក្រសួងសុខាភិបាល នាថ្ងៃស្អែកនេះ ត្រូវប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺត្រូវតែការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងការឆ្លងរាលដាលពីជំងឺកូវីដ-១៩ ដោយយើងមិនដឹងថា ប្រជាពលរដ្ឋជាង៣០០០នាក់ដែលមកពិនិត្យយកសំណាកលើកទី២នេះ ពួកគាត់មានវិជ្ជាមានកូវីដ-១៩ឬយ៉ាងណានោះទេអ្វីដែលសំខាន់ គឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា។