ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងអនុព័ន្ធយោធានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៨ធ្នូឆ្នាំ២០២០ បានអនុញ្ញាតឱ្យឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោកត្រូវបញ្ចប់អាណតិ្តបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ នៅក្នុងជំនួបនោះ លោក Michael Tan បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កលក្ខណៈដល់បេសកម្មការទូតរបស់លោកទទួលបានជោគជ័យគួរជាទីមោទៈ និងបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាតសាកលកូវីដ-១៩។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ផ្តើមចេញពីទំនាក់ទំនងនៃរយៈកាលដ៏យូរអង្វែងតាំងពីឆ្នាំ១៩៦៥ ហើយដែលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងអាណត្តិរបស់ លោក Michael Tan ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ជាពិសេសតាមរយៈសមិទ្ធផលការងារជាច្រើន ដែល លោកឯកអគ្គរដ្ឋទូត សម្រេចបាន។ ជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានបញ្ជាក់ថា នឹងបន្តខិតខំចូលរួមចំណែកពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរនិយាយជារួម និងនិយាយដោយទ្បែករវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត។ នៅថ្ងៃទី៨ធ្នូនោះផងដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឧត្តមសេនីយ៍ត្រី Win Ko Ko អនុព័ន្ធយោធាបញ្ចប់អាណតិ្តនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាផងដែរ។

នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ត្រី Win Ko Ko បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភម៉ាស់ និងសម្ភារបរិក្ខាពេទ្យដល់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានបង្កលក្ខណៈដល់បេសកម្មករបស់ឯកឧត្តម ទទួលបានជោគជ័យ។ ជាមួយគ្នានោះ លោក បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាតសាកលកូវីដ-១៩ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ថា ឆ្នាំ២០២០នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលជាទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងមួយ។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ក៏បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតប្រជាជនមីយ៉ាន់ម៉ាប្រមាណជាងពីរពាន់នាក់ដោយសារជម្ងឺរាតត្បាតសាកលកូវីដ-១៩។

លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ លោកមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារបន្តរអប់រំ និងណែនាំប្រជាពលរដ្ឋឱ្យចូលរួមក្នុងការបង្ការការពារ និងទប់ស្កាត់មិនឱ្យរាលដាលចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ និងការផ្តោតទៅលើវិធានការក្នុងការស្រោចស្រង់ទ្បើងវិញ ព្រោះស្ថានការណ៍របស់ជម្ងឺរាតត្បាតនេះទាមទារឱ្យយើងបន្តយកចិត្តទុកដាក់ ហើយអនុវត្តន៍នូវរបត់នៃការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រកាន់យកនូវការអនុវត្ត អនាម័យ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលជាចាំបាច់។

ជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានបញ្ជាក់ថានឹងបន្តខិតខំចូលរួមចំណែកពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេស រវាងកងទ័ពជើងគោកឱ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត ហើយបានចូលរួមអបអរសារទរចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កងទ័ពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នូវព្រឹត្តិការណ៍ ACAMM, AARM, ASMAM, និង AAISW ក្នុងឆ្នាំ ២០២១ ខាងមុខ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner