សហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់អំណោយជូនពលរដ្ឋជិត៤០០គ្រួសារ
កំពង់ធំ៖ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារ ដល់ប្រជាពលរដ្ឋក្នុងការរីករាដាលនៃជំងឺកូវីដ១៩ លោក ខាន់ ខុន សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ សហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) បាននាំយក គ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្ដីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋជួបបញ្ហាលំបាកខ្វះ ស្បៀងអាហារ ចំនួន ៣៥០គ្រួសារ ដែលការចែកអំណោយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ចំនួនបួនទីតាំង ផ្សេងគ្នា។
លោក ខាន់ ខុន អំណរគុណដល់ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) និង សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែជួយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីចូលរួមក្នុងការដោះស្រាយជាមួយ នឹង រដ្ឋរាជរដ្ឋាភិបាល ដូចជាអាជ្ញាធរខេត្ត ។ និងជំរុញដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមអនុវត្តវិធានការពារ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារ អប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវ តាមរយៈការលាងដៃឲ្យបាន ញឹកញាប់ ជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យនិង សុវត្ថិភាព ផ្ទាល់ខ្លួនឱ្យបានជាប្រចាំពិសេស បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និងត្រូវពាក់ម៉ាស់ឬក្រមាពេលចេញក្រៅផ្ទះជាដើម។
លោកបន្តថា ចំពោះភូមិ/ ឃុំ មានសុវត្ថិភាពត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹងច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗដែលរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីការ ប្រែប្រួលអាកាសធាតុ។
ពលរដ្ឋដែលទទួលបានអំណោយរួមមាន៖ ពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ៧០គ្រួសារ, ស្រុកសន្ទុក ៧០គ្រួសារ, ស្រុកប្រាសាទបល័ង្ក ២១០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាហារបំប៉នផងដែរ៕