អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីកំពុងដំណើរការតាមផែនការដែលបានគ្រោងទុក
នាយឧត្តមសេនីយ៍ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃ២៣ធ្នូឆ្នាំ២០២០ បានដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។ ក្នុងបេសកម្មត្រួតពិនិត្យការងារ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បានធ្វើបទបង្ហាញ អំពី ផែនការសាងសង់អាកាសយានដ្ឋានទាំងមូល(Overall Schedule), វឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០( Project Progress in 2020), ផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ (Construction Plan for 2021) និងវិធានការត្រួតពិនិត្យ និងការបង្ការជម្ងឺឆ្លងកូវីដ-១៩ ចំពោះបុគ្គលិក និងកម្មករដែលធ្វើការក្នុងគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូល ( Pandemic Prevention and Control)។ ក្រុមហ៊ុនបានបន្តថា គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបបានសម្រេចបានចំនួន៣៥%ហើយ ដែលគ្រោងបញ្ចប់នៅថ្ងៃទី១៤មីនា ឆ្នាំ២០២៣ ខាងមុខ ដោយការសាងសង់បានចាប់ផ្តើម ចាប់តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ ដែលមានរយៈពេល ៣៦ ខែ។
នាយឧត្តមសេនីយ៍ម៉ៅ ហាវណ្ណាល់បាន កោតសរសើរ និងថ្លែងអំណរគុណ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានធ្វើការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី តាមផែនការ ដែលបានគ្រោងទុក។
លោក ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ មកទស្សនាខេត្តសៀមរាប សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៏សង្គមប្រកបដោយចីរភាព។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា៕កឹម ទៀង