កម្ពុជាផលិតបានស្រូវសរុបជាង១០លានតោន និង បាននាំចេញអង្ករផ្លូវការ ជាង ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៧០លានដុល្លារសហរដ្ឋអាមេរិក

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ បានថ្លែងថា ឆ្នាំ២០២០ ជាឆ្នាំដែលពិភពលោកក៏ដូចជាកម្ពុជា បានប្រឈមនូវហានិភ័យ ផ្នែកសុខមាលភាពសង្គម និងបង្ករាំងស្ទះ ហើយជំរុញឱ្យមានឱនភាពសេដ្ឋកិច្ចស្ទើរពាសពេញពិភពលោក តែដោយឡែកកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដ៏ឆ្នើម បាននឹងកំពុងគ្រប់គ្រងនូវស្ថានភាពលើការរីករាលដាលនៃការឆ្លង បានយ៉ាងល្អប្រសើរ និងគួរឱ្យមោទនភាព ស្របពេលដែលវិធានការផ្សេងៗ បានដាក់ចេញដើម្បីធានាបាននូវសុវត្ថិភាពស្បៀងអាហារ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវផលិតភាពផលិតកម្មកសិករ។

លោកបានថ្លែងបន្តថា ក្នុងនោះវិស័យស្រូវអង្ករបានដើរតួយ៉ាងសំខាន់សម្រាប់ស្បៀងអាហារក្នុងស្រុក និងនាំចេញ ឆ្នាំ២០២០ នេះកម្ពុជាផលិតបានស្រូវសរុប ១០.៩១លានតោន និង បាននាំចេញអង្ករផ្លូវការ ជាង ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៧០លានដុល្លារសហរដ្ឋអាមេរិក គឺមានកំណើនប្រមាណជាជិត១០%។

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងបន្តថា ការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជានេះ គឺកើតចេញពីការគិតគូយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈ គោលនយោបាយ និងវិធានការនានាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយដ្ឋានកសិកម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ល។ និងការចូលរួមពីអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ជាតិ និង អន្តរជាតិនានា។

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ ថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ក្រសួង មន្ទីរ និងអង្គការដៃគូទាំងអស់ ព្រមទាំងបងប្អូនដែលជាប្រជាកសិកររោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ និងក្រុមហ៊ុនផ្តល់សេវាគាំទ្រទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងជួយជ្រោមជ្រែង ដល់វិស័យស្រូវអង្ករកម្ពុជាក្នុងឆ្នាំ២០២០ ហើយសង្ឃឹមជឿជាក់ថាឆ្នាំ២០២១ ខាងមុខ នឹងបន្តបន្ថែមនូវកិច្ចសហប្រតិបត្តិការកាន់តែទូលាយ និងរីកចម្រើនថែមទៀត៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner