ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនេះ មានការចូលរួមអមដំណើរពីអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ចាររង ជាកងកម្លាំងទាំងបីប្រភេទនៅជុំវិញ ខេត្ត និងអាជ្ញាធរដែនដីជាច្រើនរូប។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានមានប្រសាសន៍លើកឡើងនៅក្នុងរបាយការណ៍ស្វាគមន៍ថា ក្នុងនាមមេបញ្ជាការអង្គភាព និងក្នុងនាមឯកឧត្តម ផ្ទាល់សូមសម្តែងនូវគារកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបីជំវិញខេត្ត និងមន្រ្តីរាជការក្រោមឱវាទ ដែលបានអញ្ជើញមកចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ នាពេលនេះគឺជាការផ្តល់នូវកម្លាំងចិត្ត និងកិត្តិយសដ៏ឧត្តុងឧត្តមបំផុតសំរាប់អង្គភាព ដែលបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ។
ឯកឧត្តម មេបញ្ជាការបានលើកឡើងបន្តថា អង្គភាពយោធាខេត្តកណ្តាល ចំណុះឱ្យយោធាតំបន់៣ បានកកើតឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ និងដោយមានការវិវត្ត អង្គភាពយោធាខេត្តកណ្តាល ត្រូវបានផ្លាស់ប្តូរទីតាំង៣ដង និងបានប្តូរឈ្មោះទៅជា អង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្តាល ចំណុះឱ្យយោធភូមិភាគពិសេស ដោយផ្អែកទៅតាមអនុក្រិត្យលេខ១៣ អ.ន.ក្រ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៩៣ របស់រាជរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២០ អង្គភាពមានមេបញ្ជាការដឹកនាំចំនួន ១២រូប ដែលបច្ចុប្បន្ននេះ អង្គភាពកំពុងដឹកនាំគ្រប់គ្រងបញ្ជា ដោយមេបញ្ជាការទី១២ ឧត្តមសេនីយ៍ត្រី នៃ និយម ។
នៅក្នងនោះមានរចនាសម្ព័ន្ធចាត់មាន០១ទីបញ្ជាការ ១១ផ្នែកសឹករងក្រុង-ស្រុក ០១កងវរសេនាតូចថ្មើរជើង និង០១កងអនុសេនាធំថ្មើរជើងចំណុះកោះធំ សម្រាប់ចល័តក្នុងកិច្ចសហការ ការពារសន្តិសុខ ធានាសុវត្តិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងរក្សាសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរចំពោះលទ្ធផលការងារ ដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្តាល សម្រេចបានជោគ ជ័យនាពេលកន្លងមក បានឆ្លុះបញ្ចាំងអំពីការដឹកនាំ និងការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្តរបស់ មេបញ្ជាការ អង្គភាព។
ជាងនេះទៅទៀត កងកម្លាំងប្រដាប់អាវុធ របស់ខេត្តបានចូលរួមក្នុងការជួយគ្នា ក្នុងគ្រាលំបាក តាមរយៈគោលនយោបាយរបស់អង្គភាព ឆ្លៀតជួយរំលែកថវិកា និងស្បៀងអាហារ ចែករំលែកដល់គ្រួសារយោធិន និងប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពរស់នៅ ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជាយើង កំពុងជួបប្រទះការរីករាលដាលជំងឺកូវីដ-១៩ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល បានស្ម័គ្រចិត្តបរិច្ចាគថវិការមួយចំនួន ជូនដល់ក្រសួងសុខាភិបាល និងចូលរួមថវិការជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ឯកឧត្តម បន្តថា ចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះគឺការប្រមូលផ្តុំកម្លាំងត្រៀមប្រយុទ្ធយូរអង្វែង របស់អង្គភាពសម្រាប់ទប់ស្កាត់រាល់បាតុកម្ម កូដកម្ម ដែលកើតមានឡើង នេះបង្ហាញពីគោលជំហរ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកាតព្វកិច្ចការពារជាតិមាតុភូមិ ។
ក្នុងឱកាសនេះ ឯកឧត្តម គង់ សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមតិផ្តាំផ្ញើរមួយចំនួន ០៧ចំណុចបន្ថេមទៀត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ពលទាហានរង នៃតំបន់ប្រតិបត្តិការសឹករងកណ្តាលទំាងអស់ ពិសេសគឺយកចិត្តទុកដាក់ការពារ និងទប់ស្កាត់ការរីរាលដាលជំងឺឆ្លងកូវីដ១-១៩ នៅក្នុងអង្គភាព សហគមន៍ បន្តទៀត ត្រូវសម្អាតអនាម័យ ដោយឧស្សាហ៍លាងដៃ និងសាប៊ូ ជែល ឬអាកុល ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឆ្លើយតបនិងសំណើរសុំ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ឯកឧត្តម អភិបាលខេត្ត បានសន្យាជួយឧបត្ថម្ភថវិការចំនួន ១០ម៉ឺនដុល្លារ ដើម្បីជួយកសាងអង្គភាព ទៅលើការជួសជុលគិលានដ្ឋាន និងស្រះទឹក របស់ទីបញ្ជាការ និងបានឧបត្ថម្ភថវិការ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ពលទាហានរង របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅក្នុង១នាក់ៗ ១០ម៉ឺនរៀលផងដែរ។