សមត្ថកិច្ច ខេត្តរតនគិរីកំពុង តាម ប្រមាញ់ចាប់ខ្លួនឃាតករបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ
រតនគិរី ៖ ឃាតករដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនមកដល់ស្រុកកោះញែកខេត្តមណ្ឌលគិរី ខណៈសមត្ថកិច្ចបានដឹងមុខសញ្ញាមុន ហើយបានដាក់បា៉រ៉ាស់តាមផ្លូវ បន្ទាប់មករថយន្តឃាតករបានបើកបំបុកបា៉រ៉ាស់សមត្ថកិច្ចនៅស្រុកកោះញែក ហើយបានបើករត់បានប្រមាណជាង១គីឡូម៉ែត្រ ក៏ឈប់ចុះរត់គេចខ្លួនពួននៅក្នុងព្រៃទុកប្រពន្ធ និងកូននៅក្នុងរថយន្ត។
បេីតាមសមត្ថកិច្ចនៅស្រុកលំផាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឃាតករបានបន្លំខ្លួនជិះរថយន្តដឹកដូងមួយគ្រឿងមកចូលស្រុកលំផាត់តាមផ្លូវលំមួយខ្សែឆ្ពោះទៅស្រុកបរកែវ ប៉ុន្តែឃាតករបានដឹងខ្លួនជាមុន ហើយបានលោតចុះពីលើរថយន្តដឹកដូងនៅពាក់កណ្តាលផ្លូវ ត្រង់ចំណុចឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ឥឡូវនេះសមត្ថកិច្ច២ស្រុក គឺស្រុកលំផាត់និងស្រុកបកែវកំពុងតាមប្រមាញ់ចាប់ខ្លួនឃាតករដែលបានបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនោះហើយ។ គិតត្រឹមម៉ោង១២និង២០នាទី ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ច មិន ទាន់ ចាប់ បាន ឃាតករនៅ ឡើយទេ៕ដោយ គតិ យុត្ត