ជិតនឹងចេញពីតំណែងទៅហើយ Trump ដាក់បំរាមកម្មវិធីចិន 8 ទៀតដែលមានទាំង Alipay ផងដែរ
បរទេស ៖ ទូរទស្សន៍ BBC បានចេញផ្សាយនៅថ្ងៃព្រឹកថ្ងៃពុធនេះថា ប្រធានាធិបតីអាមេរិកដែលត្រៀមនឹងចេញពីតំណែងលោក Donald Trumpបានចុះហត្ថលេខាជាផ្លូវការមួយដើម្បីបញ្ជាឲ្យមានការដាក់បំរាមទៅលើកម្មវិធីរបស់ចិនចំនួន 8 បន្ថែមទៀតដែលក្នុងនោះក៏មាន Alipay ផងដែរ។
ក្រៅតែពីកម្មវិធីទូទាត់លុយដ៏ល្បី Alipay ហើយនោះ លោក Trump ក៏បានដាក់បំរាមទៅលើកម្មវិធីទូទាត់លុយផ្សេងទៀតរបស់ចិនដូចជា QQ Wallet និង WeChat Pay ផងដែរ ហើយបំរាមនេះនឹងចូលជាធរមានក្នុងរយៈពេល 45 ថ្ងៃខាងមុខនេះ។មូលហេតុតែមួយគត់ដែលអាមេរិកដាក់បំរាមទៅលើកម្មវិធីចិនទាំងនោះក៏ព្រោះតែគិតថា បច្ចេកវិទ្យាទាំងនោះបានផ្តល់នូវភាពគំរាមកំហែងទៅដល់វិស័យសន្តិសុខជាតិរបស់អាមេរិក។
អាមេរិកធ្លាប់បានបញ្ជាក់ទៀតថា កម្មវិធីបច្ចេកវិទ្យាទាំងនោះគឺនឹងអាចមានលទ្ធភាពក្នុងការប្រើប្រាស់ និងត្រួតពិនិត្យទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់ជាជនជាតិអាមេរិករបស់ខ្លួន ជាពិសេសគោលដៅគឺមន្ត្រីរបស់រដ្ឋាភិបាលអាមេរិកតែម្តង។
កម្មវិធីផ្សេងទៀតដែលនឹងត្រូវរងនូវបំរាមរួមមានដូចជា Tencent QQ, CamScanner, SHAREit, VMate និង WPS Office ផងដែ រ បន្ទាប់ពីកម្មវិធីសំខាន់ៗចំនួន២របស់ចិនដែលត្រូវបានដាក់បំរាមដូចជា TikTok និង Huawei ជាដើម៕