“ដំណាំទុរេន” នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបានប្រែក្លាយពីតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងទៅជាតំបន់កសិ-ទេសចរណ៍ដ៏ពេញនិយម របស់ភ្ញៀវក្នុងស្រុក និង ក្រៅស្រុក (មានវីដេអូ)
“សំឡូត” គឺជាឈ្មោះស្រុកមួយ ក្នុងចំណោមស្រុក-ក្រុងទាំង១៤ របស់ ខេត្តបាត់ដំបង ស្ថិតនៅភាគខាងត្បូង ទីប្រជុំជនខេត្តបាត់ដំបង និងមានចម្ងាយផ្លូវ ប្រមាណជាង ៨៥គ.ម ចេញពីទីរួមខេត្តទៅដល់ទីប្រជុំជនស្រុក។ “សំឡូត” មានទីតាំងស្ថិតនៅភាគខាងត្បូងទីរួមខេត្តបាត់ដំបង។អ្នកទេសចរណ៍អាចធ្វើដំណើរទៅកាន់តំបន់នេះតាមផ្លូវជាតិលេខ៥៧ដោយឆ្លងកាត់ចូលតាមផ្លូវបំបែកនៅខាងឆ្វេងដៃ នៃ ទីប្រជុំជនភូមិភ្ជាវ ឃុំផ្លូវមាស ស្រុករតនមណ្ឌល លើកំណាត់ផ្លូវកៅស៊ូ លេខ៥៧.៧ ដើម្បីឆ្ពោះទៅស្រុកសំឡូត ដោយប្រើរយៈពេលប្រមាណពី១ម៉ោងកន្លះ ទៅ ២ម៉ោង ទើបដល់គោលដៅស្រុក។ស្រុកនេះមានភូមិសាស្ត្រខាងជើងជាប់ ខេត្តប៉ៃលិន និងស្រុករតនមណ្ឌល។ខាងត្បូងជាបស្រុកវាលវែង ខេត្តពោធិសាត់។ ខាងកើត ជាប់ស្រុកគាស់ក្រឡ និងខាងលិចជាប់និងស្រុកបររ៉ៃ ខេត្តត្រាត ប្រទេសថៃ ។
បើតាមការគូសបញ្ជាក់ពីលោក សើ សាម៉េត អភិបាលស្រុកសំឡូត ខេត្តបាត់ដំបង បានឲ្យដឹងថា៖ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទឹកដីស្រុកសំឡូត បានប្រែក្លាយពីសមរភូមិប្រយុទ្ធដ៏ក្តៅគគុកនៅក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ បានធ្វើឲ្យទឹកដីនៅទីនេះជាផ្ទៃដីដាំដុះដំណាំកសិកម្មដ៏សម្បូរណ៍បែបច្រើនមុខ មកជំនួសនូវគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ថែមទាំងធ្វើឲ្យទឹកដីនៃស្រុកសំឡូតនេះ ក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏មានសក្តានុពល និង កំពុងតែពេញនិយម សំរាប់ការកំសាន្តរបស់ភ្ញៀវទេសចរក្នុងស្រុក និង ក្រៅស្រុក គួរឲ្យទាក់ទាញ ថែមទៀតផង។
សូមបញ្ជាក់ថា៖ក្រៅពីដំណាំទុរេន ចំនួន៤៨២ហិកតា ។ ស្រុកសំឡូតនៅមានដំណាំចម្ការជាច្រើនទៀតដូចជាៈដំឡូងមី ២៥.៤៧០ហត, ពោតក្រហម ៩.៧៧៦ហត, កៅស៊ូ ១.១៥១ហត, តាង៉ែនឬ (មៀនប៉ៃលិន) ៩៨៧ហត, សណ្តែកសៀង៣៧២ហត, សណ្តែកបាយ ៣៦៧ហត, សាវម៉ាវ ២៩៧ហត, ម្រេច ២៦០ហតនិងមានដំណាំកសិកម្មផ្សេងៗទៀតជាច្រើនមុខទៀត ដូចជា៖ម្នាស់,សណ្តែកដី, ដំឡូងជ្វា, ល្ង, និងអំពៅ ជាដើម…។ល។
នេះបើតាមការគូសបញ្ជាក់នៅពេលអ្នកព័ត៌មានយើងបានជួបជាមួយនិងម្ចាស់ចម្ការដំណាំទុរេន ដែលមានស្លាកយីហោ” ចម្ការប៉ា-ម៉ាក់ខ្ញុំ “ស្ថិតក្នុងភូមិកន្ទួត ឃុំសំឡូត ដែលជាអតីតទីតាំងស្រុកសំឡូតចាស់ នៃ ស្រុកសំឡូត របស់ ខេត្តបាត់ដំបងដែលមានបងប្រុសឈ្មោះ ថាក់ លីលីន ជាម្ចាស់ចម្ការទុរេនខាងលើ បានឲ្យដឹងថា៖ លោកបានដាំទុរេនជាលក្ខណៈគ្រួសារបងប្អូនរបស់លោកប្រមាណជាង៤ហិកតានិងមានដើមទុរេនសរុបប្រមាណជិត៨០០ដើម។ដើមទុរេនដែលបានដាំនេះ ចាប់ពី៥-១០ឆ្នាំ។ ហើយចម្ការ របស់ លោកឆ្នាំនេះ បានផ្តល់ផលយ៉ាងល្អប្រសើរ។ លោកបន្តថា៖ទុរេននៅតាមចម្ការក្នុងស្រុកសំឡូតចាប់ផ្តើមសំបូរផ្លែទុំចាប់ពីខែ៥ដល់ខែ៧ ហើយវាអាចស្បើយ ចាប់ពីខែ៨ទៅវិញ។ម្ចាស់ចម្ការក៏បានបញ្ជាក់ដែរថាៈទុរេននៅតាមចម្ការស្រុសំឡូតឆ្នាំ២០២០នេះ ទុរេន ចាប់ផ្តើមទុំផ្លែមួយៗ រប៉េះរប៉ោះបណ្តើរៗ តាំងពីខែ៤(រដូវចូលឆ្នាំ) មកម៉្លេះ។ កន្លងទៅតាមការសង្កេត របស់អ្នកយកព័ត៌មាន នៅតាមទីផ្សារក្នុងខេត្តបាត់ដំបងមានផ្លែទុរេនលក់ ចាប់តាំងពីខែ៣មកម៉្លេះ។ហើយអ្នកលក់ទាំងនោះអះអាងថា៖ទុរេនស្រុកសំឡូត។ថែមទាំងលក់តម្លៃថ្លៃប្រមាណចន្លោះជាង៣-៤ម៉ឺនរៀលក្នុង១គក្រ(តម្លៃដើមរដូវ)។តែធាតុពិតផ្លែទុរេនទាំងនេះ បាននាំចូលពីប្រទេសជិតខាង ឆ្លងកាត់ស្រុកសំឡូត តែប៉ុណ្ណោះ។
លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានឲ្យដឹងផងដែរថា៖ បច្ចុប្បន្ននេះ ស្រុកសំឡូត មិនត្រឹមតែជាតំបន់ទឹកដីដាំដំណាំកសិកម្មឈើហូបផ្លែដ៏មានសក្តានុពលតែមួយមុខប៉ុណ្ណោះទេ។ តែស្រុករបស់លោក ក៏នៅមានសម្រស់បរិស្ថានធម្មជាតិ ដ៏ស្រស់ត្រកាល សំបូរព្រៃភ្នំក្រមថ្ម ព្រៃស្រោងធំៗ និងសត្វព្រៃ។ហើយវាថែមទាំងបានក្លាយទៅជារមណីយដ្ឋាន ប្រកបដោយជ្រោះជ្រង ជ្រលងដងអូរ តូច-ធំ បង្កើតទៅជាតំបន់រមណីយធម្មជាតិនិងការកែច្នៃដ៏រស់រវើក ពីស្ថាប័នជាតិ ពីអាជ្ញាធររដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់និងអង្គការដៃគូអភិវឌ្ឍន៍នៅទីនេះថែមទៀតផង។ ហើយស្រុកសំឡូត ក៏ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ និង បានដាក់បញ្ចូលតំបន់ទាំងនោះគឺជា “តំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងសំឡូត” កាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ១៩៩៣ និងមានផ្ទៃដីប្រមាណ៦ម៉ឺនហិកតា ផងដែរ។
សម្រាប់ដំណាំនិងភោគផលផ្លែទុរេនរបស់ស្រុកសំឡូតឆ្នាំ២០២០នេះ តម្លៃទីផ្សារលក់ដូរ ក្នុង០១គក្រ ទិញដល់ចម្ការពី២០.០០០ ដល់២៥.០០០រៀលក្នុងមួយគក្រ.សម្រាប់ម៉ូយបោះដុំឬភ្ញៀវដែលបានទៅលេងដល់ចម្ការ។កន្លងមកនេះ “ទុរេន” សំឡូត ខេត្តបាត់ដំបង កំពុងពេញនិយមនិងមានការគាំទ្រខ្លាំង ដោយសារតែរសជាតិទុរេន ក្នុងស្រុកមួយនេះ ត្រូវបានអ្នកដែលបានទិញយកទៅទទួលទាន កោតសរសើរយ៉ាងខ្លាំងពីរសជាតិទុរេនសំឡូត។ ថែមទាំងធ្វើឲ្យម្ចាស់ចម្ការ”ទុរេនស្រុកសំឡូត” ទទួលបានលំហូរភ្ញៀវទេសចរជាតិ ទាំងក្នុងស្រុក និងក្រៅស្រុក ធ្វើដំណើរទៅទស្សនានិងកំសាន្តដល់ចម្ការទុរេនរបស់ខ្លួន ផ្ទាល់តែម្តង។
ដោយសារតែលំហូរភ្ញៀវទេសចរណ៍ក្នុងរដូវប្រមូលផលទុរេនរបស់អ្នកស្រុកទីនោះ និង ដើម្បីចង់រក្សានូវកេរ្តិ៍ឈ្មោះ《ទុរេនសំឡូត》ក្នុងនោះ លោក ថាក់ លីលីន ជាម្ចាស់ចម្ការក៏ បានគូសបញ្ជាក់ថា៖ ដើម្បីរក្សានូវកេរ្តិ៍ឈ្មោះ “ទុរេនស្រុកសំឡូត” ដែលគេកំពុងពេញនិយមនិងទទួលស្គាល់ពីរសជាតិទុរេនសំឡូតគឺលោកបានដាក់ឈ្មោះចម្ការរបស់លោកថា៖ ” ចម្ការទុរេន ប៉ា-ម៉ាក់ខ្ញុំ ” ដើម្បីចង់ឲ្យអតិជនងាយចំណាំ និងមិនក្លែងបន្លំ។ ដោយឡែក លោកសើ សាម៉េត អភិបាលស្រុកសំឡូត ក៏បាអំពាវនាវនិងបានសំណូម ដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកក៏ដូចជាអាជីវករដែលប្រកបនូវរបរកស៊ិលក់ផ្លែឈើ សូមកុំលក់បន្លំក្លែងក្លាយដើម្បីកេងយកកម្រៃចំណេញច្រើន ដោយយកផ្លែទុរេន ពីប្រទេសជិតខាង ឆ្លងកាត់សំឡូត ទៅលក់បន្លំថាជាទុរេនសំឡូត។ ដែលទង្វើបែបនេះ គួរតែបញ្ឈប់ និងងាកមកគាំទ្រផលិតផលកសិផលដំណាំឈើហូបផ្លែដែលមានក្នុងស្រុក ដូចជា៖ទុរេន សាវម៉ាវ របស់ យើងក្នុងភាពសុច្ចរិត និងមិនក្លែងបន្លំ ដើម្បីរក្សាបាននូវកេរ្តិ៍ឈ្មោះផលិតផលរបស់ស្រុកយើង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )