កម្ពុជាមិនងាយរងគ្រោះដោយបំណុលបរទេស !

ភ្នំពេញ៖ ឯកឧត្តម សុខ សេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញទស្សនយល់ស្រប ចំពោះរបាយការណ៍ទីភ្នាក់ងារ វាយតម្លៃឥណទានពិភពលោក «Moody’s Investor Service» ដែលបានលើកឡើងថា កម្ពុជាមិនងាយរងគ្រោះដោយបំណុលបរទេសនោះទេ។

ឯកឧត្តមអះអាងថា កម្ពុជាពិតជាមិនភ័យព្រួយរឿងបំណុលបរទេសនោះទេ មិនភ័យព្រួយត្រង់ថា កម្ពុជាមានច្បាប់ត្រឹមត្រូវលើការគ្រប់គ្រងបំណុល ដែលបច្ចុប្បន្នកម្ពុជាខ្ចីក្នុងកម្រិតមួយដែលមានច្បាប់អនុញ្ញាត និងគោរពលើគោលការណ៍ក្នុងការគ្រប់គ្រងបំណុលសាធារណៈ។

ថ្មីៗនេះទីភ្នាក់ងារ Moody បានវាយតម្លៃថា ភាពងាយរងគ្រោះនៃបំណុលរបស់កម្ពុជា នៅតែស្ថិតនៅក្នុងស្ថានភាព ដែលអាចគ្រប់គ្រងបាន ហើយចក្ខុវិស័យកំណើនផលិតផល ក្នុងស្រុកសរុបដ៏រឹងមាំរបស់កម្ពុជា ជាកត្តាដែលផ្ដល់ទំនុកចិត្តរបស់ខ្លួន លើបន្ទុកបំណុលរបស់ប្រទេសកម្ពុជា។

ឯកឧត្តម សុខ សេនសាន បានថ្លែងថា បំណុលសម្រាប់កម្ពុជា មិនមានក្ដីបារម្ភនោះឡើយ ដោយសារតែបច្ចុប្បន្នកម្ពុជាខ្ចីក្នុងកម្រិតមួយ ដែលមានច្បាប់អនុញ្ញាត និងគោរពលើគោលការណ៍ទាំង៥រួមមាន៖

១៖ ខ្ចីឥណទាន ក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន

២៖ ខ្ចីតែឥណទាន ដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់

៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម

៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត។

៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍ នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ចសង្គម, បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបានបន្ដថា ស្ថាប័នអន្ដរជាតិធំៗមាន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ជាដើម បានវាយតម្លៃថា កម្ពុជានៅក្រោមអនុបាតបំណុលនៅឡើយទេ មានន័យថា កម្ចីនៅមានកម្រិតទាប អាចបន្ដខ្ចីទៀតបានប្រសិនបើកម្ពុជាចង់ ដូច្នេះកម្ពុជាមិនស្ថិតក្នុងប្រទេស ដែលមានបំណុលវ័ណ្ឌកនៅឡើយ។

ឯកឧត្តមបានបញ្ជាក់ថា «ការវិវត្តនៃការខ្ចីបំណុលរបស់កម្ពុជា បើងាកត្រឡប់ទៅមើលក្នុងទសវត្សរ៍៩០ ការចំណាយរបស់កម្ពុជាលើការវិនិយោគ គឺអាស្រ័យទៅលើហិរញ្ញប្បទាន ពីបរទេសរហូតដល់៨០ភាគរយ ដើម្បីចំណាយចាំបាច់មួយចំនួនក្នុងប្រទេស។ ប៉ុន្ដែបច្ចុប្បន្ននេះ ការវិនិយោគរបស់កម្ពុជា ដែលពឹងផ្អែកលើបំណុលបរទេស គឺមានក្នុងកម្រិត២០ភាគរយប៉ុណ្ណោះ មានន័យថា ពីមុនកម្ពុជាពឹងផ្អែកលើបរទេស៨០ភាគរយ ដើម្បីវិនិយោគ និងពឹងលើចំណូលក្នុងស្រុក២០ភាគរយ តែឥឡូវកម្ពុជាពឹងផ្អែកពីបរទេសតែ២០ភាគរយប៉ុណ្ណោះ តែពឹងលើចំណូលក្នុងស្រុក៨០ភាគរយ»។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ១៣.០៨ប៊ីលានដុល្លារ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្របដណ្តប់ប្រមាណ ៨៧ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត ប្រមាណ១៣ភាគរយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner