រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ទីជម្រក ចំណីអាហារនិងប្រភពទឹកជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ជីវិតសត្វព្រៃ

ដោយ​៖​ម៉ា​ដេប៉ូ​
​មណ្ឌលគិរី​៖​យើង​ត្រូវ​រួមគ្នា​ការពារ​ទីជម្រក​របស់​សត្វព្រៃ​ប្រភព​អាហារ និង​ប្រភពទឹក​របស់​សត្វព្រៃ ព្រោះ​កត្តា​ទាំង ៣ នេះ​គឺជា​ភាពចាំបាច់​សម្រាប់​ជីវិត​សត្វព្រៃ ហើយ​ដែន​ជម្រក​ស្រែ​ពក​គឺជា​ព្រៃរបោះ​ដ៏​ធំជាងគេ​។​នេះ​ជា​ប្រសាសន៍​របស់​ ឯកឧត្តម នេត្រ ​ភក្ត្រា មន្ត្រី​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​


​ ​បញ្ជាក់​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​ខេត្តមណ្ឌលគិរី ដែល រៀ ប ចំ ដោ យ ក្រសួងបរិស្ថាន និង អង្គការ WWF កាលពី​ថ្មីៗ​មកនេះ ឯកឧត្តម​នេត្រ​ភក្ត្រា មន្ត្រី​នាំពាក្យ និង ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា ព្រៃរបោះ​គឺ​ព្រៃ​ដែលមាន​ដើមឈើ​មិនធំ​ទេ ហើយ​វា​មាន​ស្មៅ​។​ព្រៃរបោះ​គឺមាន​តម្លៃ​ខាង​ផ្នែក​អភិរក្ស​និង​ការធានា​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​។​
​ ​ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ដើម្បី​ជីវិត​សត្វព្រៃ​រស់ គឺ​ត្រូវ​កត្តា​បី​សំខាន់ ទី​១) ទីជម្រក ទី​២) ចំណីអាហារ និង​ទី​៣) ប្រភពទឹក​។ យើង​ត្រូវ​រួមគ្នា​ការពារ​ទីជម្រក​របស់​សត្វព្រៃ ប្រភព​អាហារ និង​ប្រភពទឹក​របស់​សត្វព្រៃ ព្រោះ​កត្តា​ទាំង ៣ នេះ​គឺជា​ភាពចាំបាច់​សម្រាប់​ជីវិត​សត្វព្រៃ​។​
​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​”​ទីជម្រក ចំណីអាហារ និង​ប្រភព​ទឹកជា​កត្តាចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវិត​សត្វព្រៃ​”​។​


​ ​ ជាមួយគ្នានេះ​ឯកឧត្តម នេត្រ ភក្ត្រា បាន​ពន្យល់ថា “​ព្រៃរបោះ​វា​មានតម្លៃ​ខាង​ផ្នែក​ខាង​ជីវៈចម្រុះ​ដែល​យើង​ចាំបាច់​ត្រូវការពារ ។​កិច្ចការពារ​នេះ​គឺ​ដើម្បី​ការពារ​ដល់​ជម្រក​របស់​សត្វព្រៃ ហើយ​បើ​ព្រៃ​ទាំងនេះ​បាត់បង់​នោះ​សត្វ​ទាំង​អស់វា​ក៏​នឹង​បាត់បង់​ផងដែរ​”​។​
​ ​គួរបញ្ជាក់​ព្រៃរបោះ​ឬ​ហៅថា​ព្រៃ​ល្បោះ​គឺជា​ព្រៃ​ដែលមាន​ដើមឈើ​តូចៗ​ឬ​ធំ​ល្មម​ហើយ​ដុះ​រង្វើល​ឃ្លាតៗ​ពីគ្នា​។​តាមពិត​ព្រៃ​ប្រភេទ​នេះ​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ពពួកសត្វ​ក្រចកជើង​ចំ​ពាម​ឬ​សត្វ​ប្រភេទ​ដទៃទៀត​អាស្រ័យ​រស់នៅ​។​

​ ពាក់ព័ន្ធ​ក្នុង​រឿងនេះ លោក សេង​ទៀក ប្រធាន​អង្គការ WWF​បានឱ្យដឹងថា​ព្រៃរបោះ​បើទោះបី​យើង​មើលឃើញ​ដើមឈើ​តូចៗ​និង​ធំ​ល្មមៗ​ដុះ​ឃ្លាត​ពីគ្នា​នេះ​តាមពិត​មាន​អាយុកាល​រាប់សិប​ឆ្នាំ​មកហើយ​និង​បើ​គិតពី​អាយុ​គឺ​វា​បង​មនុស្ស​យើង​៣​ទៅ​៤​តំណ​មកហើយ​។​ដើមឈើ​ទាំងនេះ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​បង្ក​ឱ្យ​សត្វ​ងាយ​រស់នៅ​។​
​ ព្រម​ជាមួយគ្នានេះ​លោក​បានធ្វើ​ការពន្យល់​ដែរ​ថា ចំពោះ​ព្រៃ​ពាក់កណ្តាល​ស្រោង​វិញ​គឺមាន​សណ្ឋាន​ស្តុក​គឺ​ច្រើន​ដុះ​ដើម​ស្រឡៅ គគីរ ដើម​ជ័រទឹក​ជាដើម​។​លក្ខណៈ​នេះហើយ​ទើប​គេ​ហៅថា​ជា​ប្រភេទ​ព្រៃ​ពាក់កណ្តាល​ស្រោង​។​
​ លោ​កថា​ព្រៃរបោះ​នៅលើ​ពិភពលោក​មាន​ចំនួន​មិន​ច្រើន​ឡើយ​។​សម្រាប់​ព្រៃរបោះ​ដែល​នៅ​សេសសល់​ច្រើន​គឺ​នៅ​ភាព​ខាងកើត​ប្រទេស​កម្ពុជា ក្រៅពីនេះ​គេ​ឃើញ​នៅ​ខេត្តព្រះវិហារ កំពង់ធំ​និង​មួយចំនួន​ដល់​ប្រទេស​ថៃ​។​ចំណែក​នៅ​ខាងកើត​វិញ​មួយចំនួន​មាន​ទៅដល់​វៀតណាម​។​
​ លោក សេង​ទៀក ប្រធាន​អង្គការ WWF​បានបញ្ជាក់​បន្ថែមថា​”​ព្រៃរបោះ​នៅ​កម្ពុ​ជាមាន​ច្រើនជាងគេ​។​សត្វ​មួយចំនួន​វា​ចូលចិត្ត​រស់នៅក្នុង​ព្រៃរ​បោះ​និង​មួយចំនួនទៀត​ចូលចិត្ត​រស់នៅក្នុង​ព្រៃ​្រ​ស្រោង និង​មួយចំនួនទៀត​រស់នៅ​ពាក់កណ្តាល​ស្រោង​”​។​
​ ​លោក​បានធ្វើ​ការពន្យល់​ជុំវិញ​បញ្ហា​នេះ​ថា​សត្វព្រៃ​ដែល​អាច​រស់នៅ​ក្នុងព្រៃរ​បោះ​បាន​ត្រូវមាន​លក្ខខណ្ឌ​៣​យ៉ាងសំខាន់ៗ​គឺ​ទី​១ ម្ហូប​ដូចជា​ស្មៅ​សម្រាប់​សត្វ​ជើង​ចំ​ពាម ទី​២​គឺ​បញ្ហា​ទឹក​ក្នុងនេះ​មាន​ទឹកទន្លេ ត្រពាំង អូរ​និង​ទី​៣​គឺ​ទីជម្រក ស្ងប់ស្ងៀម​ដែលមាន​អន្ទាក់ គ្មាន​កាប់បំផ្លាញ​ព្រៃឈើ​។​បើ​ក្នុងករណី​លក្ខខណ្ឌ​ទាំង​៣​យ៉ាងនេះ​មិនត្រូវ​បាន​រំខាន​ណាមួយ​ទេ​គឺ​សត្វ​ពពួក​ក្រចកជើង​ចំ​ពាម​នឹងមាន​កំណើន​ឡើងជា​មធ្យម​ប្រមាណ​៣៥​ភាគរយ​។​
​ ​ ប្រធាន​អង្គការ WWF​បានបញ្ជាក់​បន្ថែមថា​”​បើសិន​គ្មាន​លក្ខខណ្ឌ​ការគំរាមកំហែង​ណាមួយ​ទេ​ខាងលើនេះ​ទី​គឺ​សត្វ​មាន​កំណើន​លឿន​ណាស់​”​។​
​ ​ពាក់​ពន្ធ​ទៅនឹង​ការអភិរក្ស និង ក៏ដូចជា​កិច្ចការពារ​សត្វព្រៃ​នេះដែរ​លោក​បានលើកឡើង​ថា បើ​យើង​មានលទ្ធភាព​អាចធ្វើ​របង​ហ៊ុមព័ទ្ធ​ក្នុង​ទំហំ​ណាមួយ ហើយ​លក្ខខណ្ឌ​ទាំងអស់​អាចធ្វើ​បាន​ក្នុង​តំបន់​ស្នូល​នៃ​ទឹកដី​ព្រៃ​ទេសភាព​ខ្ពស់​រាប​ខាងកើត​នេះ​លោក​ជឿជាក់ថា​សត្វព្រៃ​នឹង​កើន​ចំនួន​ឡើង​។​ម្យ៉ាង​វា​នឹង​ក្លាយ​ទីកន្លែង​ជម្រក​សុ​វត្តិភាព​របស់​ព​ពួ​ល​សត្វ​រស់នៅ​។​បន្ទាប់មក​ពេលដែល​យើង​ធ្វើការ​បង្កាត់​ពូជ​សត្វ​បាន​ចំនួន​សត្វ​ច្រើន​ហើយ យើង​អាច​នឹង​ដកហូត​ចំនួន​សត្វ​ណាមួយ​ទៅ​ពន្លែង​កន្លែង​ផ្សេង ដែល​វិធី​នេះ​នឹង​ជួយ​ឱ្យ​កំណើន​សត្វ​ក្នុងប្រទេស​យើង​កើនឡើង​និង​មិន​ផុត​ពូជ​ផង​។​


​ ​លោក​សេង​ទៀក​បាន​មានប្រសាសន៍​ដែរ​ថា វិធី​នេះ​នឹង​ជួយ​ឱ្យ​សត្វ​កម្រៗ​ក្នុង​លោក​ដោយ​ក្នុងនេះ​ដូចជា​រមាំង​ជាដើម​អាច​បង្កើន​កំណើត​កាន់តែ​ច្រើនឡើង​។​សត្វ​រមាំង​ច្រើន​រស់នៅ​ជា​ក្រុម​ចាប់ពី​៤​ទៅ​៧​ក្បាល​ឡើងទៅ​។​ក្រៅពីនេះ​ដូចជា​សត្វ​ប្រើស ខ្លា​ដែល​នៅសល់​ចំនួន​តិចតួច​យើង​យក​វា​មក​បញ្ចូល​ក្នុង​តំបន់​ជម្រក​សុ​វត្តិភាព​នោះ​គឺអាច​បង្កាត់​ពូជ​បាន​ច្រើន​ដោយ​ក្នុងនោះ​យើង​នឹង​ការពារ​វា​ឱ្យបាន​មាំទាំ​ដែល​វិធី​នេះ​អាចជួយ​ឱ្យ​សត្វ​កាន់តែ​សំបូរ​ឡើង ។​ព្រៃរបោះ​ជាទី​ជម្រក​រស់នៅ​របស់​សត្វព្រៃ​ដែលមាន​ស្នែង​ដូចជា រមាំង ប្រើស ឈ្លូស ។​ក្នុងករណី​មាន​វត្តមាន​សត្វព្រៃ​ប្រភេទ​នេះ​រស់នៅ​ធ្វើឱ្យ​វត្តមាន​ប្រភេទ​សត្វ​ស៊ីសាច់​ដូចជា​ខ្លា ខ្លារខិន​ក៏​កើតមាន​ដែរ​។​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃរបោះ​នេះ​គឺ​ជួយ​អភិរក្ស​ដល់​សត្វព្រៃ​។​ក្រៅពីនេះ​ក៏មាន​ទេសភាព​ស្អាត​ដែល​ជាទី​ទាក់ទាញ​ភ្ញៀ់​វ​ទេសចរណ៍​។​


​ លោក​បានធ្វើ​ការបញ្ជាក់​បន្ថែមថា សម្រាប់​អ្នក​មិនបាន​ស្គា​ល់ពី​តម្លៃ​ព្រៃរបោះ​គឺ​តែង​ចាត់ទុកថា​អត់​បានការ​អ្វី​ទេ ប៉ុន្តែ​តាមពិត​ព្រៃរបោះ​មាន​ដើរតួនាទី​យ៉ាងសំខាន់​ណាស់​សម្រាប់​សត្វព្រៃ ហើយ​កាលណា​មាន​សត្វព្រៃ​យើង​ក៏​អាចបង្កើត​វិស័យ​ទេសចរណ៍​ទៀតផង​។​
​ ​ទោះបីយ៉ាងណា​លោក​បានលើកឡើង​ដែរ​ថា​ចំពោះ​ជម្រក​សុ​វត្តិភាព​របស់​សត្វព្រៃ​ក្នុងការ​ធ្វើ​របង​ហ៊ុម​ព័ន្ធ​នេះ​គឺ​ពេលបច្ចុប្បន្ន​យើង​មិនទាន់​មានលទ្ធភាព​ធ្វើបាន​នៅឡើយ​ទេ​។​
​ ទាក់ទិន​ក្នុង​រឿង​ព្រៃរបោះ​នេះដែរ ឯកឧត្តម​នេត្រ​ភក្ត្រា បានធ្វើការ​បញ្ជាក់បន្ថែម​ថា​នៅ​តំបន់​ព្រៃរបោះ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែក​ពក​និង ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី​នេះ​បើ​យើង​ធ្វើការ​អភិរក្ស​សត្វ​បាន​ដូចជា ការធ្វើ​របង​ការពារ​ឬ​មិនមាន​ឱ្យ​ការ​បរបាញ់​សត្វ​ពី​សំណាក់​ជនខិលខូច​បាន​នោះ​វា​នឹង​ក្លាយជា​កន្លែង​តំបន់​ទេសចរណ៍​យ៉ាង​គួរ​ជាទី​ទាក់ទាញ​នៅ​ថ្ងៃ​ខាងមុខ​។​
​ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បានធ្វើការ​រំលឹកថា​” នៅទីនេះ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ស្គា​ល់វា តាមពិត​ទីនេះ​ទេសភាព​ស្អាត​ណាស់ និង​បើ​យើង​មានការ​បង្កើន​ចំនួន​សត្វ​ច្រើន​នៅទីនេះ​ខ្ញុំ​ជឿជាក់ថា​វា​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​យ៉ាង​មាន​សក្តានុពល​ជាក់​ជាពុំខាន​”​។​
គួរ​បញ្ជាក់ថា នៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច និង ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​ដែល ដែនជម្រកសត្វព្រៃ​ទាំង ពីរ​នេះ​ជា​តំបន់ការពារធម្មជាតិ ក្នុងចំណោម​តំបន់​ការពារ​ផ្សេងទៀត​នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ ខាងកើត ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ចំនួន ២៧,៤៦០ គ​.​ម​។ ដែន​ជម្រក សត្វព្រៃ​ទាំងពីរ​នេះ​ជាទី​ជម្រក​របស់​សត្វ​ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ជា​សកល​ជាច្រើន​ប្រភេទ រាប់បញ្ចូល​ទាំង ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ រួមមាន​ដូចជា សត្វ​ទន្សោង សត្វ​ដំរី​អាស៊ី សត្វ​ក្រពើ​ភ្នំ ដែលមាន​ចំនួន​សេសសល់​ចុងក្រោយ​នៅក្នុង​ប្រទេស សត្វ​ខ្លារខិន ដែលជា​ចំនួន​នៅ​សេសសល់​ចុងក្រោយ​សម្រាប់​តំបន់​ឥណ្ឌូចិន និង​ពពួកសត្វ​ស្លាប ដូចជា​សត្វ​ត្រ​យ៉ង សត្វ​ត្មាត និង​សត្វ​ក្ងោក​បៃតង ព្រមទាំង​សត្វព្រៃ​សំខាន់ៗ​ផ្សេងទៀត​រាប់បញ្ចូល​ទាំង​សត្វ​រមាំង សត្វ ខ្ទីង សត្វ​ឈ្លូស សត្វ​ប្រើស និង​ពពួកសត្វ​ស្វា​ជាដើម​៕

​ ​

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner