ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1 $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា មិនមានការកាត់ទឹកអ្វីនោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើ Facebook ផ្លូវការនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានចេញមកបញ្ជាក់ និងផ្ញើសារជូនប្រជាពលរដ្ឋទាំងអស់ថា ក្រដាសប្រាក់ដុល្លារ អាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ហើយមិនមានការកាត់ទឹកអ្វីទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការដូច្នេះថាក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានជ្រាបបន្ថែមលើការប្រកាសរបស់នាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនឲ្យចាយ ដូចពាក្យចចាមអារាមនោះទេ ។
ក្នុងករណីប្រសិន បើមានការបញ្ឈប់ឲ្យចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ បនិងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា»។ នេះជាបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយបញ្ជាក់យ៉ាងច្បាស់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ ដុល្លារអាមេរិកទាំងនេះពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។
ការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។
គួរបញ្ជាក់ថា ការពិភាក្សាក្នុងកិច្ចប្រជុំខាងលើ មានការចូលរួមមតិពីតំណាងក្នុងវិស័យលក់រាយមួយចំនួនផងដែរ។ ធនាគារជាតិនៃកម្ពុជាក៏សូមបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះ នៅលើទីផ្សារនោះទេ៕