សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន២លានរៀលដើម្បីជួយដល់បងប្អូនពលករត្រឡប់ពីប្រទេសថៃ ដែលសម្រាលកូនក្នុងពេលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗ

   ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជម្រុញដល់អាជ្ញាធរស្រុក ដែលមានមណ្ឌលចត្តាឡីស័កនៅក្នុងស្រុកនីមួយៗរបស់ខ្លួន រួមនិងក្រុមគ្រូពេទ្យនិងមន្ត្រីសុខាភិបាលប្រចាំការទីនោះត្រូវពិនិត្យមើល និងយកចិត្តទុកដាក់ ដល់បងប្អូនពលករ ដែលបានសម្រាលកូន ក្នុងខណៈដែលពួកគាត់កំពុងតែស្ថិតក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវ និងដើម្បីជួយបំពេញបែបបទបញ្ជាក់ពីមន្ត្រីសុខាភិបាលតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យទីនោះ ឲ្យបញ្ជាក់នូវលិខិតកំណើត ដើម្បីទទួលបាន នូវ របបគោលនយោបាយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានកំណត់ផ្តល់ជូនដល់ស្ត្រីពលករដែលបានសម្រាលកូន និងកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅក្នុងមណ្ឌលរបស់ស្រុកនិមួយៗ ដែលកំណត់ដោយរដ្ឋបាលខេត្ត និងវិធានសុខាភិបាលកន្លងមក។ ដោយក្នុងទទួលបានរបបឧបត្ថម្ភ ក្នុងម្នាក់ ២លានរៀល។

      ការថ្លែងបែបនេះធ្វើឡើងនូវក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃពីការទប់ស្កាត់កូវីដ-19កន្លងមកក្នុងខណៈដែលប្រទេសថៃមានការផ្ទុះកើតឡើងនូវការចម្លង និងឆ្លងរាតត្បាតក្នុងសហគមន៍របស់ខ្លួននៅខេត្តសាមុតសាខន(ប្រទេសថៃ)កន្លងមក។ហើយបងប្អូនប្រជាពលករក្នុងប្រទេសថៃ បានវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ នៅតាមបណ្តាច្រកនានាក្នុងខេត្ត និងតាមបណ្តាខេត្តជាប់ព្រំដែនថៃ-កម្ពុជា។ គិតត្រឹមថ្ងៃទី២០ខែមករា២០២១នេះបងប្អូនប្រជាពលករខេត្តបាត់ដំបង ដែលបានវិលត្រឡប់មកពីប្រទេសថៃមានចំនួនសរុប ៣.០៧៩នាក់។និងបានរៀបចំតែដាក់ឲ្យធ្វើចត្តាឡីស័ក នៅតាម មណ្ឌលចត្តាឡីស័ក ទាំង១០មណ្ឌល។ ក្នុងនោះរួមមាន៖ស្រុកកំរៀង, សំពៅលូន, ភ្នំព្រឹក, បវេល, សំឡូត, ឯកភ្នំ, បាណន់, ឯកភ្នំ, មន្ទីរពេទ្យបង្អែកខេត្ត និង ស្រុកមោងឫស្សី។បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី២០ ខែមករានេះ បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងកំពុងដាក់ឲ្យសម្រាកធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុកខាងលើនេះ មានចំនួនសរុបនៅសល់១.០៥០នាក់ប៉ុណ្ណោះ។ក្នុងនោះអ្នកជម្ងឺកំពុងតែសម្រាកព្យាបាលជម្ងឺកូវីដ-19មានចំនួន១០នាក់ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ខេតបាត់ដំបង។

      គួររំលឹកដែរថា៖កន្លងមកនេះសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល នូវ កញ្ចប់ថវិកាតាមរយៈក្រសួងសុខាភិបាល ចំនួន ៨៥០លានរៀល ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងកូវីដ-19 ដើម្បីដោះស្រាយបញ្ហាការងារ ក្នុងការទទួលការស្នាក់នៅរបស់ពលករ និងរបបស្បៀងអាហារ បងប្អូនពលករដែលវិលត្រឡប់និងដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមមណ្ឌលនានារបស់ស្រុកទាំងនោះ។ក្រៅពីថវិកាខាងលើ ក្នុងនោះក៏មាន ឃីតចំនួន ៧.០០០ឃីត ទឹកសុទ្ធចំនួន ៥ ពាន់កែស និង មីចំនួន ២.៥០០កែស ផងដែរ។

       ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរស្រុកពាក់ព័ន្ធនិងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរួម និងមន្ត្រីចុះអនុវត្តតាមមណ្ឌលចត្តាឡីស័កក្នុងស្រុកខាងលើនេះ ក្នុងនោះ ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំ និងជម្រុញដល់អាជ្ញាធរ និងមន្ត្រីសុខាភិបាលពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ ពីការឆ្លង និង ចម្លងកូវីដ-19 ឲ្យបានម៉ឺងម៉ាត់ក្នុងការដាក់ពលករឲ្យធ្វើចត្តាឡីស័កចៀសវាងការគេចវេស ដោយមិនបានអនុវត្តនូវវិធានសុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ឯកឧត្តមអភិបាលខេត្តក៏បានជម្រុញដល់អាជ្ញាធរស្រុក ឲ្យពិនិត្យមើលការរៀបចំផ្លាស់ប្តូរទីតាំងមណ្ឌលចត្តាឡីស័កខណៈដែលពលករនៅសល់ចំនួនតិចតួច ដើម្បីផ្ទេរទីតាំងនិងយកសាលារៀនទាំងនោះឲ្យសិស្សបានចូលរៀនវិញ។ ដោយឡែកចំពោះបងប្អូនដែលជាពលករដែលសម្រាលកូននិងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្នុងអំឡុងពេលកំពុងធ្វើ អាជ្ញាធរនិងមន្ត្រីសុខាភិបាលត្រូវជួយសម្របសម្រួលក្នុងការបំពេញបែបបទនិងធ្វើលិខិតកំណើតនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលបានជួយសម្រាលកូន ដើម្បីយកឯកសារទាំងនេះ ស្នើសុំគោលនយោបាយរបបឧបត្ថម្ភចំនួន២លានរៀល ពីរាជរដ្ឋាភិបាល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner