ឯកឧត្តម វេង សាខុន អញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។

Mr. Li Xuequn អ្នកគ្រប់គ្រងទូទៅ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។ បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត ផងដែរ។ នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១០០០ដុល្លារ/ក្បាល និងត្រីបបែល ២០០ដុល្លារ/ក្បាល (តម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។ កសិដ្ឋានប្រើកម្មករសរុប ៥០នាក់ ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរ និងចិនចំនួន ១០នាក់។

បន្ទាប់ពីបានអញ្ជើញពិនិត្យសកម្មភាពខ្សែច្រវាក់ផលិតកម្មក្នុងកសិដ្ឋាន និងបានជ្រាបអំពីដំណើរការនៃការវិនិយោគ និងកម្មវត្ថុនាំចេញរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អ ដែលសកម្មភាពនេះសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ ក្នុងការចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

ព្រមជាមួយសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននាពេលបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនត្រៀមរៀបចំឯកសារបច្ចេកទេសពាក់ព័ន្ធដល់ការចិញ្ចឹម សម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អទៅកាន់ប្រទេសចិន ដោយត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន ស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានាពីភាគីចិនជាជំហានបឋម ដើម្បីឲ្យដំណើរការនាំចេញនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផលដែលកសិដ្ឋានចិញ្ចឹមបាន។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុន ដោយបញ្ជាក់ថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការ សម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំ ចេញត្រីលម្អនេះ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner